រយ:ពេល ៣ ឆ្នាំ វៀតណាមកើបលុយបានជាង ២០០ លានដុល្លារ ពីការប្រមូលពន្ធលើក្រុមបច្ចេកវិទ្យាក្រៅស្រុក

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បាននិយាយថា ក្រុមហ៊ុនក្រៅស្រុកខ្នាតយក្សដូចជា Facebook និង Google បានបង់ពន្ធចូលរដ្ឋចំនួន ៥,១ ទ្រីលានដុង ឬ ២២០ លានដុល្លារ សម្រាប់រយ:ពេលចន្លោះពីឆ្នាំ ២០១៨ ដល់ ២០២១ ។ នេះបើយោងតាមការចុះផ្សាយពី VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍មួយ ដែលបានកត់ត្រាក្នុងខែមេសា ឆ្នាំ ២០២១ លោក Phoc បានជូនដំណឹងដល់សមាជិកសភា ថា ក្រុមហ៊ុន Facebook បានបង់ពន្ធចំនួន ៨៤,៩ លានដុល្លារ ស្របពេលក្រុមហ៊ុន Google បានបង់ ៨១,៩ លានដុល្លារ និង Microsoft បានបង់ ២៨ លានដុល្លារ ។

មិនតែប៉ុណ្ណោះ​ នៅក្នុងរបាយការណ៍ដដែលនេះ បានបង្ហាញទៀតថា អាជ្ញាធរវៀតណាម ក៏បានប្រមូលប្រាក់ចំនួន ៧៣៥ ពាន់លានដុង ឬ ៣៦,៤ លានដុល្លារ ពីការដោះស្រាយការរំលោភបំពាន និងគេចវេសការបង់ពន្ធដោយបុគ្គល រួមទាំងអង្គភាពផ្តល់សេវាកម្មឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកក្រៅស្រុកផងដែរ ។

លើសពីនេះ កាលពីឆ្នាំមុន វៀតណាម អាចរកចំណូលបាន ៥១,៩ លានដុល្លារ ពីការយកពន្ធលើវេទិកាក្រៅស្រុក ដែលជាការកើនឡើង ១៥% ពីឆ្នាំ ២០២០ ។

ក្រៅពីនេះ ប្រទេសវៀតណាម ក៏កំពុងសម្លឹងមើលឱកាស ក្នុងការយកពន្ធលើអ្នកលក់អនឡាញផងដែរ ទាំងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារតែការលក់តាមប្រព័ន្ធទាំងនេះ បានកើនឡើងទ្វេដង ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។

លោក Phoc ក៏បានអំពាវនាឱ្យមានការរឹតបន្តឹង​បទប្បញ្ញតិ​ និងធ្វើឱ្យមានភាពប្រសើរឡើងនូវសមត្ថភាពក្នុងការប្រមូលពន្ធ ដើម្បីដោះស្រាយការគេចវេសពីការបង់ពន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពជាងនេះ ៕