ឥណ្ឌូនេស៊ី ទទួលបានជំនួយហិរញ្ញប្បទាន ១៥០ លានដុល្លារ ពីធនាគារអភិវឌ្ឍន៍ឥស្លាម ដើម្បីសាងសង់ផ្លូវលើកោះជ្វា

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) សម្រាប់ជំនួយហិរញ្ញប្បទាន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅលើកោះជ្វា សម្រាប់ដំណាក់កាលទី ២ (TRSS-2) ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Antaranews ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកហិរញ្ញវត្ថុ និងគ្រប់គ្រងហានិភ័យ នៅក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោក Luky Alfirman ជាអ្នកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនេះ បាននិយាយថា ធនាគារ IsDB នឹងផ្តល់ប្រាក់ជំនួយប្រមាណ ១៥០ លានដុល្លារ ដើម្បីសាងសង់ផ្លូវហាយវ៉េ ពីភាគកណ្តាលខេត្ត Yogyakarta ទៅកាន់ភាគខាងកើតទីក្រុង Malang ដែលនឹងត្រូវចំណាយអស់ថវិកាសរុបប្រមាណ ៤៥០ លានដុល្លារ ។

មិនតែប៉ុណ្ណោះ លោក Alfirman បាននិយាយទៀតថា ៖ ” គោលបំណងនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ TRSS-2 នេះ គឺ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងកាត់បន្ថយភាពក្រីក្រនៅទូទាំងកោះជ្វាខាងត្បូង ” ។

គួរឱ្យដឹងថា ផ្នែកមួយនៃគម្រោងផ្លូវបង់ថ្លៃ TRSS-2 នេះ នឹងត្រូវសាងសង់នៅភាគខាងកើតកោះជ្វា និង DI Yongyakarta ជាមួយប្រវែងដែលប៉ាន់ស្មាន ៦៧,៧៨ គីឡូម៉ែត្រ រួមទាំងស្ពានប្រវែង ៤៤៣,១ ម៉ែត្រ ដែលនឹងត្រូវឆ្លងកាត់ស្រុក Tulungagung , Blitar , Malaang និង Bantul ។

បន្ថែមពីនេះ លោក Alfirman បានជូនដំណឹងទៀតថា ការផ្តល់ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះ ក៏ទទួលបានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយ:កម្មវិធីផ្តល់មូលនិធិដាច់ដោយឡែកមួយផ្សេងទៀតផងដែរ ៕