អាមេរិក​គ្រោង​ពិន័យ​ទឹកប្រាក់ ១ លាន​ដុល្លារ និង​រឹបអូស​យន្តហោះ​ផ្ទាល់ខ្លួន​របស់​មហាសេដ្ឋី​រុស្ស៊ី

អន្តរជាតិ

កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ​ ​រដ្ឋាភិបាល​អាមេរិក​បាន​ចេញ​លិខិត​រឹបអូស​យន្តហោះ​ផ្ទាល់ខ្លួន​ ២ គ្រឿង​របស់​មហាសេដ្ឋី​រុស្ស៊ី Roman Abramovich យក​មក​រក្សា​ទុក បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លានពាន​ទៅ​លើ​អ៊ុយក្រែន។ នេះ​បើ​តាម​របាយការណ៍​បង្ហាញ​ដោយ​តុលាការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា មន្ត្រី​ក្រសួង​យុត្តិធម៌​មួយ​រូប​បាន​ចេញមុខ​អះអាង​ថា យន្តហោះ​តម្លៃ ៣៥០ លាន​ដុល្លារ និង ៦០ លាន​ដុល្លារ​របស់​មហាសេដ្ឋី​រុស្ស៊ី ​បច្ចុប្បន្ន​មិន​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​ពី​ទីតាំង​ពិត​ប្រាកដ​នៃ​យន្តហោះ​ទាំង ២ គ្រឿង​នេះ​ដូចគ្នា។

មន្ត្រី​ខាងលើ​បាន​ប្រាប់​ទៅ​កាន់​ Reuters ថា ដីកា​ចេញ​រឹបអូស​យន្តហោះ​ ២ គ្រឿង​នេះ គឺ​ក្នុង​គោលបំណង​រារាំង​ក្រុមហ៊ុន​ផ្សេងៗ ក្នុង​ការ​ជួយ​ជម្លៀស​យន្តហោះ​ទាំង ២ នេះ​ចេញ​ពី​ដែន​អាកាស​អាមេរិក ស្របពេល​មហាអំណាច​លោកខាងលិច​កំពុង​គាបសង្កត់​ខ្លាំង​លើ​មហាសេដ្ឋី​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ថ្នាក់ដឹកនាំ​រុស្ស៊ី។

ដោយសារ​តែ​យន្តហោះ​ទាំង​នោះ​ផលិតឡើង​នៅ​សហរដ្ឋអាមេរិក ហើយ​ការ​ហោះហើរ​ទាំងអស់​ប្រព្រឹត្ត​ឡើង​ ក្រោយ​ចេញ​ច្បាប់​រឹតបន្តឹង ដូច្នេះ Abramovich ត្រូវតែ​ទទួល​បាន​ការ​អនុញ្ញាត​ពី​នាយកដ្ឋាន​ពាណិជ្ជកម្ម​ដើម្បី​អាច​ហោះហើរ​ទៅ​កាន់​រុស្ស៊ី ប៉ុន្តែ​ការ​ស្នើសុំ​សិទ្ធហោះហើរ​មិន​ត្រូវបាន​ធ្វើឡើង​ទាល់តែ​សោះ។

សូមជម្រាប​ដែរ​ថា នាយកដ្ឋាន​ពាណិជ្ជកម្ម​បាន​បង្ហើប​ថា យន្តហោះ​របស់ Abramovich បាន​ធ្វើ​ការ​ហោះហើរ​ដោយ​គ្មាន​សិទ្ធ​ត្រឹមត្រូវ ៣ លើក ពោល​កាលពី​ថ្ងៃទី ០៤ មីនា​ហោះពី​ទីក្រុង​ឌូបៃ​ទៅ​ទីក្រុង​មូស្គូ និង​ថ្ងៃទី ១២ និង ១៥ មីនា​ពី​ទីក្រុង​អ៊ីស្តង់ប៊ូល​ទៅ​កាន់​ទីក្រុង​មូស្គូ។

ក្នុង​ករណី​ខាងលើ នាយកដ្ឋាន​ពាណិជ្ជកម្ម​អាច​នឹង​ដាក់​ពិន័យ​ទៅ​លើ​មហាសេដ្ឋី​រុស្ស៊ី ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រហែល​ ១ លាន​ដុល្លារ សម្រាប់​ការ​ហោះហើរ​ដោយ​ល្មើស​បម្រាម​ទាំង ៣ លើក​នោះ ឬ​ប្រមាណ ៣២៨ ១២១ ដុល្លារ​សម្រាប់​មួយ​ជើង៕