ក្រោយពេលអ្នកស្រី Sheryl Sandberg សម្រេចចិត្តលាលែងពីតំណែងជា Chief Operating Officer របស់ក្រុមហ៊ុនខ្នាតយក្ស Meta Platforms ស្ថាបនិក Mark Zuckerberg បានប្រកាសចាត់តាំងលោក Javier Olivan ដែលភាគច្រើនគេហៅលោកថា Javi មករ៉ាប់រងតួនាទីមួយនេះភ្លាមៗ។

ដ្បិតមិនសូវបានបង្ហាញមុខនៅវេទិកាសាធារណៈក៏ដោយ ប៉ុន្តែលោក Javi គឺជាបុគ្គលដែលមានឥទ្ធិពលបំផុតមួយរូបប្រចាំប្រវត្តិសាស្ត្ររបស់ Facebook។ នេះបើតាមការបង្ហើបឲ្យដឹងពីមេធំ Mark Zuckerberg។
ក្រឡេកទៅមើលប្រវត្តិការងាររបស់ COO ថ្មីខាងលើ គឺបានចូលបម្រើការងារនៅ Facebook ប្រហាក់ប្រហែលទៅនឹងអ្នកស្រី Sheryl ដែរ ពោលបានចំណាយពេលប្រមាណ ១៤ ឆ្នាំរួមដំណើរជាមួយនឹង Mark ប៉ុន្តែមានមនុស្សមិនច្រើនឡើយដែលស្គាល់លោក ដោយសារខុសពីអ្នកស្រី Sheryl ដែលតែងតែបង្ហាញខ្លួនតាមវេទិកាសាធារណៈ លោក Javi កម្រចេញមុខតាមកម្មវិធីផ្សេងៗណាស់។

បើទោះជាមានឥទ្ធិពលនៅក្នុងក្រុមហ៊ុនយ៉ាងណា បុរសវ័យ ៤៤ ឆ្នាំរូបនេះនឹងមិនដើរតាមគន្លងរបស់អ្នកស្រី Sheryl ឡើយ ពោលលោកនឹងផ្ដោតសំខាន់តែលើការងារ និងប្រតិបត្តិការផ្ទៃក្នុងតែប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងពី Mark Zuckerberg។
ដោយឡែក បើតាមការឲ្យដឹងពីបុគ្គលិកក្រោមឱវាទរបស់ Javi បានបង្ហើបថា លោកជាមនុស្សដែលគួរឲ្យគោរព មិនឆ្នើងឆ្នៃ ថែមទាំងមានការយកចិត្តទុកដាក់ខ្ពស់លើភារកិច្ចរបស់ខ្លួន ជាពិសេសគឺមិនចូលចិត្តបង្ហាញមុខនៅកម្មវិធីធំៗឡើយ លុះត្រាតែមិនអាចខកខានបាន ទើបលោកចូលរួម។

បុរសជនជាតិអេស្ប៉ាញបានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មអគ្គិសនី និងឧស្សាហកម្មនៅសកលវិទ្យាល័យ University of Navarra មុនពេលផ្លាស់ទីមកសហរដ្ឋអាមេរិក និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសកលវិទ្យាល័យ Stanford។
មុនពេលចូលបម្រើការនៅ Facebook លោកក៏ធ្លាប់ជាប្រធានផ្នែកគ្រប់គ្រងផលិតផលនៅក្រុមហ៊ុន Siemens ផងដែរនៅដើមទសវត្សឆ្នាំ ២០០០។
លោក Javi គឺជាកូនសោសំខាន់ក្នុងការពង្រីកខ្លួនរបស់ Facebook សម្រាប់រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ពោលលោកបានសិក្សាពីលទ្ធភាពក្នុងការពាំនាំ Facebook ទៅកាន់ទីផ្សារអន្តរជាតិ រហូតជួយឲ្យ Facebook, WhatsApp និង Instagram មានកំណើនអ្នកប្រើប្រាស់រហូតដល់ ៣ ពាន់លាននាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TheVerge។

សូមជម្រាបដែរថា លោក Javi បានចូលមកកាន់តំណែង ស្របពេលស្ថានភាពក្រុមហ៊ុន Meta កំពុងយ៉ាប់យ៉ឺន ពោលតម្លៃភាគហ៊ុនធ្លាក់ចុះដល់ទៅ ៤០% ស្របពេលចំណូលប្រចាំឆ្នាំក៏មានកំណើនយឺតយ៉ាវដូចគ្នា។
យ៉ាងណា បុគ្គលិករបស់ Meta ហាក់មានការសាទរជាមួយនឹងការកាន់តំណែងរបស់លោក Javi ជាជាងអ្នកស្រី Sheryl ដោយពួកគេរំពឹងថា វត្តមានរបស់មេថ្មីនឹងជួយផ្ដល់កំលាំងចិត្តបន្ថែមដល់បុគ្គលិកថ្នាក់ក្រោម។
ប៉ុន្តែសំណួរសំខាន់មួយដែលគេបានចោទសួរថា តើវត្តមានរបស់ COO ថ្មី អាចដោះស្រាយបញ្ហាដែលទាក់ទងនឹងឯកជនភាពរបស់អ្នកប្រើប្រាស់បានដែរឬទេ ខណៈកន្លងមកបញ្ហាមួយនេះគឺជាប្រធានបទដ៏ក្ដៅគគុកដែលមេធំ Facebook មិនទាន់បង្ហើបពីដំណោះស្រាយនៅឡើយ?