កាលពីពេលថ្មីៗនេះ កីឡាករបាល់បោះ LeBron James បានទទួលងារជាមហាសេដ្ឋី ក្រោយទ្រព្យសម្បត្តិរបស់លោកកើនឡើងដល់ ១ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Forbes។

ទន្ទឹមនឹងនោះ Essentially Sports ក៏បានរាយការណ៍មកដែរថា The LeBron James Family Foundation ហៅកាត់ LJFF ទើបនឹងប្រកាសពីគម្រោងរាប់លានដុល្លារមួយនៅស្រុកកំណើតរបស់ LeBron តែម្ដងគឺ Akron ខណៈគម្រោងមួយនោះមានឈ្មោះ I Promise Health Quarters ដែលនឹងអាចផ្គត់ផ្គង់វិស័យសុខាភិបាលដល់ប្រជាជននៅទីនោះនៅក្នុងឆ្នាំ ២០២៣។
ដើម្បីអាចសម្រេចគោលដៅខាងលើបាន LJFF បានចាប់ដៃជាមួយ AxessPointe ក្នុងការធានាផ្ដល់នូវគុណភាពផ្នែកថែទាំសុខភាពដល់ប្រជាពលរដ្ឋនៅទីនោះ ស្របពេលគម្រោងមួយនេះនឹងក្លាយជាកូនសោសំខាន់បំផុតនៅតំបន់ Akron ។

គ្រោងការណ៍ I Promise Health Quarters គឺនឹងផ្ដល់សេវាកម្មផ្នែកសុខភាពជាច្រើនដូចជា ការពិនិត្យសុខភាព បញ្ហាមាត់ធ្មេញ និងសេវាកម្មផ្សេងៗដល់សិស្សនិស្សិត និងក្រុមគ្រួសាររបស់ពួកគេ។

បន្ថែមពីនោះ Project មួយនេះនឹងមានមកជាមួយនូវមន្ទីរពិសោធន៍ និងឱសថស្ថានផងដែរ ដូច្នេះអ្នកជំងឺមិនចាំបាច់បារម្ភក្នុងការស្វែងរកថ្នាំសង្កូវ និងការពិនិត្យឈាម ក៏ដូចជាការពិនិត្យសុខភាពផ្សេងៗផងដែរ។
សូមជម្រាបដែរថា LeBron James គឺជាអត្តពលិកមួយរូបដែលកំពុងមានឥទ្ធិពលខ្លាំងនៅលើវិស័យកីឡាបាល់បោះ ហើយលោកក៏ជាអត្តពលិកដែលរកចំណូលបានច្រើនបំផុតមួយរូបនៅលើលោកផងដែរ៕