បច្ចុប្បន្ន Tiger Woods គឺជាអត្តពលិកមួយរូបដែលមានធនធានច្រើនបំផុតមួយនៅវិស័យកីឡាសហរដ្ឋអាមេរិក ពោលទោះមិនទាន់ទទួលបានងារជាមហាសេដ្ឋី ប៉ុន្តែទ្រព្យសម្បត្តិរបស់លោកក៏កំពុងស្ថិតនៅកៀកៗខ្ទង់ពាន់លានដុល្លារផងដែរ។
យ៉ាងណា អត្តពលិកមានឈាមជ័រជនជាតិថៃមួយនេះបានច្រានចោលសំណើមួយដែលអាចជួយឲ្យលោកទទួលងារជាមហាសេដ្ឋីបានយ៉ាងងាយស្រួល ពោលគឺសំណើពី LIV Golf Investments ដែលមានតម្លៃខ្ទង់រយលានដុល្លារ។ នេះបើតាមសម្ដីរបស់ Greg Norman នាយកប្រតិបត្តិ LIV Golf Investments។
បុរសខាងលើបានបង្ហើបទៀតថា LIV Golf គឺកំពុងចង់ប្រជែងជាមួយ PGA Tour ដែល Tiger Woods កំពុងលេង ដោយហ៊ានដាក់សំណើរាប់រយលានដុល្លារ ប៉ុន្តែកីឡាករវាយកូនហ្គោលរូបនេះហាក់បង្ហាញភក្ដីភាពជាមួយនឹងលីគ PGA Tour ដដែល។
សូមជម្រាបដែរថា Marca បានចុះផ្សាយពីទំហំទ្រព្យសម្បត្តិរបស់ Tiger Woods មានទំហំប្រមាណ ៨០០ លានដុល្លារ ហើយបើសិនជាបុរសវ័យ ៤៦ ឆ្នាំយល់ព្រមសំណើពី LIV Golf ដែលមានតម្លៃលើសពី ១០០ លានដុល្លារ នោះរូបលោកនឹងអាចទទួលបានងារជាអត្តពលិកទី ២ បន្ទាប់ពី LeBron James ដែលក្លាយជាមហាសេដ្ឋីបានយ៉ាងងាយស្រួល។
យ៉ាងណា ទោះជាលោកបដិសេធសំណើខ្ទង់រយលានដុល្លារក៏ពិតមែន ប៉ុន្តែគេជឿថា មិនយូរឡើយ កូនកាត់ច្រើនសាសន៍រូបនេះកំពុងបោះជំហានម្ដងបន្តិចៗក្នុងការឆ្ពោះទៅរកងារជាមហាសេដ្ឋីដដែល៕