ជាទូទៅ បុគ្គលដែលមានធនធានស្ដុកស្ដម្ភតែងតែមានទំនោរក្នុងការទិញដីទុក មិនថាតែនៅប្រទេសកម្ពុជា ឬនៅក្រៅប្រទេសឡើយ ដោយសារអចលនទ្រព្យដូចជាដីធ្លី មិនងាយមានហានិភ័យខាតបង់ប៉ុន្មានឡើយ។

ក្រឡេកទៅមើលមហាសេដ្ឋីលំដាប់ពិភពលោកដូចជា Bill Gates វិញ លោកក៏មានអចលនទ្រព្យដីធ្លីនៅក្នុងដៃផងដែរ រហូតដល់មានមតិជាច្រើនចោទជាសំណួរថា តើមហាសេដ្ឋីមានបំផុតទី ៤ លើលោករូបនេះ ជាបុគ្គលមានដីធ្លីច្រើនបំផុតនៅសហរដ្ឋអាមេរិកមែនទេ?

ចម្លើយគឺ មិនមែនទេ ប៉ុន្តែស្ថាបនិក Microsoft ក៏មានដីចម្ការច្រើនកន្លែងផងដែរ គ្រាន់តែថាមិនមានដីធ្លីរហូតដល់ថ្នាក់ច្រើនបំផុតប្រចាំប្រទេសឡើយ ពោលលោកមានតែដីចម្ការប៉ុណ្ណោះ ហើយក្នុងចំណោមដីចម្ការសរុបប្រមាណ ៣៦២,២ លានហិចតា Bill Gates មានប្រមាណត្រឹម ០,០៣% ឬជាង ១២ ម៉ឺនហិចតាប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពី Celebritynetworth។

ប្រភពដដែលបន្ថែមថា ដីចម្ការរបស់មហាសេដ្ឋីប្រាក់រយពាន់លានដុល្លារមានយ៉ាងតិចនៅ ១៨ រដ្ឋទូទាំងសហរដ្ឋអាមេរិក ហើយបើទោះជាមានដីចម្ការត្រឹម ០,០៣% នៃដីចម្ការសរុបក៏ដោយ ប៉ុន្តែលោកនៅតែជាបុគ្គលមានដីចម្ការច្រើនបំផុតនៅអាមេរិកដដែល។

ដោយឡែក បុគ្គលដែលមានដីធ្លីច្រើនបំផុតនៅអាមេរិកបច្ចុប្បន្ន គឺ John Malone ដែលមានដីធ្លីប្រមាណ ៨៩ ម៉ឺនហិចតាឯណោះប្រចាំសហរដ្ឋអាមេរិក៕