កាលពីថ្ងៃទី ៨ ខែមិថុនា ក្រុមហ៊ុន Mikazuki Hotel Group របស់ប្រទេសជប៉ុន បានបើកសម្ភោធរីសត និងស្ប៉ា នៅទីក្រុងជាប់ឆ្នេរសមុទ្រ របស់ខេត្ត Da Nang ប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VietnamPlus ។
ដោយបានចំណាយទឹកប្រាក់សាងសង់អស់ ៣,៩ ទ្រីលានដុង (១៦៨,១៦ លានដុល្លារ) គម្រោង ដែលស្ថិតនៅស្រុក Lien Chieu មួយនេះ នឹងផ្តល់ឱ្យប្រជាជន និងភ្ញៀវទេសចរ នូវសេវាកម្មទេសចរណ៍ស្តង់ដារបែបជប៉ុន ដោយក្នុងនោះមានសណ្ឋាគារកម្ពស់ ២២ ជាន់ ដែលមាន ២៩៤ បន្ទប់ រួមទាំងសួនទឹកក្នុងអគារ ដ៏ធំមួយប្រចាំតំបន់ ។
មិនតែប៉ុណ្ណោះ លោក Odaka Yoshimune ដែលជាប្រធានក្រុមហ៊ុន បាននិយាយថា Mikazuki នឹងបន្តវិនិយោគ លើគម្រោងថ្មីៗជាបន្តបន្ទាប់ទៀត នៅក្នុងខេត្ត Da Nang រួមទាំងស្ពានអាកាសថ្មើរជើង និងផ្លូវទេសចរណ៍នាពេលរាត្រីផងដែរ ។
ជាងនេះទៅទៀត នៅក្នុងសុន្ទរកថា ក្នុងពិធីបើកសម្ភោធ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសវៀតណាម លោក Yamada Takio បាននិយាយថា ការដាក់សម្ពោធរីសតនេះ បានបង្ហាញថា វិស័យទេសចរណ៍របស់ពិភពលោក កំពុងឈានចូលដំណាក់កាលស្តារឡើងវិញ និងមានភាពរីកចម្រើន បន្ទាប់ពីការរាតត្បាតដោយជំងឺកូវីដ ១៩ ហើយវៀតណាម និងជប៉ុន កំពុងរៀបចំបង្ហាញគម្រោងថ្មីៗបន្ថែមទៀត នៅក្នុងខួបលើកទី ៥០ រវាងប្រទេសទាំង ២ ៕