ក្រុមហ៊ុនថៃ PTT គ្រោងងាកមកចាប់ផ្តើមអាជីវកម្មផលិតគ្រឿងបរិក្ខារពេទ្យ ផ្គត់ផ្គង់នៅក្នុងស្រុក

អន្តរជាតិ

ក្រុមហ៊ុនប្រេង និងហ្គាស PTT នឹងឈានទៅរកការផលិតគ្រឿងបរិក្ខារពេទ្យ ចំពេលកំពុងមានតម្រូវការកើនឡើង ដែលស្ថិតនៅក្រោមភាពជាដៃគូ ជាមួយក្រុមហ៊ុនផលិតប្រេងឥន្ធន: និងប្លាស្ទិករបស់ខ្លួន ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:ក្រុមហ៊ុនបុត្រសម្ព័ន្ធ IRPC Plc ថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណ:យោគយល់ (MoU) ជាមួយក្រុមហ៊ុន Innobic (Asia) Co ដែលជាដៃគូថ្មីខាងជីវបច្ចេកវិទ្យារបស់ PTT និងក្រុមហ៊ុន Panjawattana Plastic Co (JPW) ដើម្បីរួមគ្នាសិក្សាទៅលើលទ្ធភាព ក្នុងការបើកអាជីវកម្មថ្មី ដែលផ្តោតទៅលើការរចនា ការអភិវឌ្ឍន៍ផលិតផល បទប្បញ្ញត្តិរបស់រដ្ឋ និងគំរូអាជីវកម្មរយ:ពេលវែង នៅក្នុងវិស័យសុខាភិបាល ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនខាងលើបាននិយាយថា ខ្លួនចង់ចាប់យក​ឱកាសអាជីវកម្មថ្មី ខណ:ពេលដែលប្រទេសជាច្រើន រួមទាំងថៃ ឥឡូវនេះកំពុងប្រែទៅជាសង្គមមានមនុស្សវ័យចំណាស់ច្រើន និងកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺ ។

គួរឱ្យដឹងថាក្រុមហ៊ុន PTT បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផលិតធុងចម្រោះទឹកលាងឈាម បំពង់អុកស៊ីហ្សែន និងការវេចខ្ចប់ថ្នាំពេទ្យ ខណ:ពេលដែលផលិតផលដំបូងរបស់ក្រុមហ៊ុន គ្រោងនឹងដាក់បង្ហាញនៅចុងឆ្នាំនេះ ។

លោក Buranin Rattanasobat អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន PTT ដែលគ្រប់គ្រងការបង្កើតថ្មី និងការបណ្តាក់ទុនថ្មី បានននិយាយថា ការចុះហត្ថលេខាលើ MoU នេះ គឺស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តដ៏ធំមួយ ប្រចាំតំបន់ ។

នាពេលបច្ចុប្បន្ននេះ តម្រូវការផលិតផលវេជ្ជសាស្រ្តសម្រាប់ប្រើប្រាស់តែម្តង នៅក្នុងទីផ្សារពិភពលោក កំពុងកើនឡើងចន្លោះពី ៤% ទៅ ៦% ក្នុងមួយឆ្នាំ ជាមួយនឹងតម្លៃទីផ្សារប្រមាណ ៥០០ ពាន់លានដុល្លារ ។

ហើយនៅក្នុងប្រទេសថៃ តម្លៃទីផ្សារប្រចាំឆ្នាំ របស់វិស័យមួយនេះ មានចំនួន ៥០ ពាន់លានបាត ដោយច្រើនជាង ៨០% នៃផលិតផលវេជ្ជសាស្រ្តទាំងនេះ ត្រូវបាននាំចូលពីក្រៅប្រទេស ។

បន្ថែមពីនេះ ក្រៅពីអាជីវកម្មស្នូលរបស់ខ្លួន ក្រុមហ៊ុន PTT ក៏កំពុងពង្រឹងបន្ថែមទៀត នូវអាជីវកម្ម ដែលទាក់ទងទៅនឹងការថែទាំសុខភាព ដោយបានចាប់ដៃគូជាមួយក្រុមហ៊ុនឱសថ និងអាហារបំប៉ន Inter Pharma Plc សម្រាប់ការអភិវឌ្ឍន៍ថ្នាំ និងអាហារបំប៉នផងដែរ ៕