Aliko Dangote បានក្លាយជាមហាសេដ្ឋីមានបំផុតប្រចាំទ្វីបអាហ្វ្រិក ពោលគិតត្រឹមថ្ងៃទី ០៨ មិថុនា ២០២២ ទ្រព្យសម្បត្តិរបស់លោកមាន ២០,២ ពាន់លានដុល្លារ ប៉ុន្តែលោកបែរជាធ្លាក់លេខរៀងក្នុងបញ្ជីមហាសេដ្ឋីពិភពលោកទៅវិញ។ នេះបើតាមការចុះផ្សាយពី Business Insider Africa។

ប្រភពខាងលើបន្ថែមថា ទ្រព្យសម្បត្តិរបស់លោក Dangote មានការកើនឡើង ១,៧ ពាន់លានដុល្លារនៅឆ្នាំនេះ ប៉ុន្តែលេខរៀងនៃបញ្ជីមហាសេដ្ឋីលើលោករបស់លោកបែរជាធ្លាក់ពី Top 60 មកនៅត្រឹមលេខរៀង ៧២ វិញ។

យ៉ាងណា សារព័ត៌មានខាងលើបានបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ាទំនងនឹងអាចឡើងមកកាន់តំណែងចាស់របស់លោកវិញនាពេលឆាប់ៗ ដោយសារបច្ចុប្បន្នរោងចក្រផលិតជីទើបនឹងដំណើរការ ហើយអាចធ្វើពាណិជ្ជកម្មនៅត្រីមាសទី ៣ ឆ្នាំ ២០២២ នេះ។

សូមជម្រាបដែរថា កាលពីខែឧសភា Dangote ជាប់នៅលេខរៀងទី ៦៧ ងារជាមហាសេដ្ឋីមានបំផុតលើលោក ខណៈ Johann Rupert ទទួលបានងារជាមហាសេដ្ឋីមានបំផុតនៅអាហ្វ្រិកវិញ ប៉ុន្តែចាប់តាំងពីមានវិវាទរុស្ស៊ី-អ៊ុយក្រែនមក មុខជំនួញរបស់មហាសេដ្ឋីម្នាក់នេះដាំក្បាលចុះជាខ្លាំង រហូតធ្លាក់ដល់បាតតែម្ដង ពោលបច្ចុប្បន្នលោក Rupert មានទ្រព្យសម្បត្តិប្រមាណ ៨ ពាន់លានដុល្លារប៉ុណ្ណោះ៕