ការសិក្សាចុងក្រោយបានទម្លាយថា វិស័យកាក់ឌីជីថល ឬគ្រីបតូកំពុងទទួលបានការពេញនិយមជាខ្លាំង ហើយបច្ចុប្បន្នក្រុមមហាសេដ្ឋីមួយចំនួនក៏កំពុងសិក្សាលើការបណ្ដាក់ទុនក្នុងវិស័យថ្មីស្រឡាងមួយនេះដូចគ្នា។

យោងតាមការស្រាវជ្រាវពី Forbes បានឲ្យដឹងថា ក្នុងចំណោមមហាសេដ្ឋី ៦៥ នាក់ដែលបានសម្ភាសន៍ មាន ៣០% កំពុងវិនិយោគលើវិស័យគ្រីបតូដោយផ្ទាល់ និងប្រយោល លើប្រភេទកាក់ផ្សេងៗគ្នា។

របាយការណ៍បានមកពីការស្រាវជ្រាវខាងលើក៏បានបញ្ជាក់ទៀតថា តួលេខនៃក្រុមមហាសេដ្ឋីដែលកំពុងវិនិយោគក្នុងវិស័យមួយនេះ គឺមានច្រើនជាងអ្នកជំនួញធម្មតាដែលបណ្ដាក់ទុនលើវិស័យដូចគ្នា។

គូសរំលឹកដែរថា កន្លងមកវិស័យគ្រីបតូហាក់មិនទទួលស្គាល់ពីមហាសេដ្ឋីដែលជាអ្នកជំនួញចាស់វស្សាដូចជា Bill Gates និង Warren Buffett ឡើយ ពោលបុគ្គលមានឥទ្ធិពលទាំង ២ រូបនេះបានរិះគន់យ៉ាងចាស់ដៃទៅលើវិស័យកាក់ឌីជីថលនៅឆ្នាំនេះ។
បិតាវិនិយោគិន Buffett ក៏បានផ្ដល់ជាដំបូន្មានបន្ថែមទៀតថា បើសិនជាចង់សាកល្បងជាមួយគ្រីបតូ គួរចាយលុយតិចតួចបានហើយ កុំលោភលន់ បើសិនជាអ្នកមិនមានលុយច្រើនដូច Elon Musk៕