កន្លងមក អារ៉ាប៊ីសាអូឌីតបានប្រកាសពីគម្រោងវិនិយោគដ៏ធំសំបើមមួយ ពោលអាណាចក្រប្រេងមួយនេះនឹងដាក់លុយប្រមាណ ៥០០ ពាន់លានដុល្លារ លើការសាងសង់អគារធំបំផុតលើលោក។
យោងតាមការចុះផ្សាយពី NDTV បានឲ្យដឹងថា គម្រោងយក្សដែលអារ៉ាប៊ីសាអូឌីតកំពុងយកចិត្តទុកដាក់នោះមានឈ្មោះថា NEOM និងបានដឹកនាំដោយផ្ទាល់ពីសំណាក់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman។
ព្រះអង្គម្ចាស់ Mohammed bin Salman មានបំណងចង់សាងសង់អគារភ្លោះខ្ពស់ៗមានកម្ពស់ប្រមាណ ៥០០ ម៉ែត្រ និងលាតសន្ធឹងជាច្រើនគីឡូម៉ែត្រឯណោះ។
គ្រោងការណ៍ NOEM មិនមែនទើបនឹងមានថ្មីៗឡើយ ពោលវាត្រូវបានប្រកាសដំបូងនៅឆ្នាំ ២០១៧ ក្នុងគោលបំណងទាក់ទាញវិនិយោគិនក្រៅស្រុកមកបណ្ដាក់ទុនក្នុងប្រទេស ក៏ដូចជាចង់បង្វែរសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតពីវិស័យប្រេងតែមួយមុខផងដែរ។
បញ្ជាក់ដែរថា គម្រោងមួយនេះមិនទាន់លេចចេញព័ត៌មានលំអិតនៅឡើយ ប៉ុន្តែលឺល្ហៀងៗថា ទីតាំងដែលត្រូវសាងសង់នឹងប្រកាសនាពេលឆាប់ៗខាងមុខ ហើយបើទោះជាវានឹងមិនក្លាយជាសំណង់អគារខ្ពស់បំផុតលើលោក ប៉ុន្តែបើសិនជាការសាងសង់អាចប្រព្រឹត្តតាមការព្រៀងទុក NOEM នឹងក្លាយជាអគារធំបំផុតលើលោកជាមិនខាន៕