បច្ចុប្បន្ន ស្រាបៀហនុមានកំពុងមានវត្តមានយ៉ាងទូលំទូលាយនៅលើទីផ្សារអាស៊ីអាគ្នេយ៍ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុនរបស់ប្រទេសកម្ពុជាបានទទួលរងនូវការវាយប្រហារពីសំណាក់ប្រជាជនឥណ្ឌា ដោយមានការសុំឲ្យផ្លាស់ប្ដូរឈ្មោះ និងឡូហ្គោហនុមានចេញ ដោយសារទាក់ទងនឹងសាសនារបស់ប្រទេសមួយនេះ។

យោងតាមការចុះផ្សាយពី SCMP បានឲ្យដឹងថា ការរិះគន់ខាងលើបានកើតឡើងកាលពីចុងខែឧសភា បន្ទាប់ពីប្រជាជនឥណ្ឌាប្រទះឃើញការបង្ហោះផ្សព្វផ្សាយស្រាបៀហនុមានលើបណ្ដាញសង្គម Twitter និងមានការទាមទារឲ្យមានការផ្លាស់ប្ដូររូបហនុមាន ដោយពួកគេអះអាងថា ហនុមានគឺជាព្រះនៃសាសនារបស់ពួកគេ ហើយការយករូបហនុមានមកប្រើប្រាស់បែបនេះ ប្រៀបដូចជា ការមើលស្រាលដល់សាសនានៃប្រទេសមួយនេះយ៉ាងដូច្នេះ។

ប្រជាជនមួយចំនួនបានស្នើដល់ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា ចេញមុខអន្តរាគមន៍អំពីការសុំឲ្យមានការផ្លាស់ប្ដូរឈ្មោះ និងឡូហ្គោ ខណៈប្រជាជនមួយចំនួនទៀតបានប្រឆាំងនឹងមតិខាងលើ ដោយបានអះអាងថា វាមិនបានប៉ះពាល់អ្វីដល់សាសនាធ្ងន់ធ្ងរឡើយ ហើយបើទោះជាក្រុមហ៊ុន Hanuman Premium Lager យកព្រះនាមព្រះមកធ្វើជាអត្តសញ្ញាណផលិតផល ក៏សាសនារបស់ប្រទេសកម្ពុជាមានស្ថិរភាព ខុសពីនៅឥណ្ឌា។

“ហនុមានគឺជាតួអង្គទេវកថាមួយ ហើយខ្ញុំមិនយល់ឃើញថា មានបញ្ហាអ្វីចំពោះរឿងនេះឡើយ។ មានក្រុមហ៊ុនស្រាបៀជាច្រើនដែលយកតួអង្គទេវកថាក្រិកមកធ្វើជាអត្តសញ្ញាណ ដូច្នេះវាគឺជារឿងធម្មតាប៉ុណ្ណោះ”។ នេះបើតាមការសរសេរនៅលើបណ្ដាញសង្គម Twitter របស់ជនជាតិឥណ្ឌាម្នាក់”។
សូមជម្រាបដែរថា នេះមិនមែនជាលើកទី ១ ឡើយ ដែលប្រជាជនឥណ្ឌានាំគ្នាលើកទ័ពរិះគន់ទៅលើក្រុមហ៊ុនបរទេស អំពីបញ្ហាជំនឿសាសនា ពោលកាលពីឆ្នាំ ២០២០ ពួកគេក៏ធ្លាប់វាយប្រហារទៅលើក្រុមហ៊ុន Amazon ដោយមានការទាមទារឲ្យលុបនូវផលិតផលកម្រាលព្រំ ដែលមានរូបព្រះនៃទេវកថាហិណ្ឌូផងដែរ៕