ថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ បានបង្ហាញពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី ចំនួន ៥០ ពាន់លានយ៉េន (៣៧១ លានដុល្លារ) ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ Jica ដើម្បីជំរុញដល់ការឆ្លើយតបរហ័ស ពាក់ព័ន្ធជាមួយជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងប្រទេស ។ នេះបើតាមការចុះផ្សាយពីកាសែត The Royal Gazette នៅថ្ងៃទី ១១ ខែមិថុនា ។
ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងប្រាក់កម្ចីរវាងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Arkhom Termpittayapaisith និងប្រធានតំណាងការិយាល័យ Jica ប្រចាំប្រទេសថៃ លោក Morita Takahiro នៅថ្ងៃទី ៣ ខែឧសភាកន្លងទៅ។
នៅក្រោមកិច្ចព្រមព្រៀងនេះដែរ ប្រាក់កម្ចីនឹងត្រូវសងវិញ ក្នុងរយ:ពេល ១៥ ឆ្នាំ បូករួមនឹងរយ:ពេលអនុគ្រោះរយ:ពេល ៤ ឆ្នាំបន្ថែមទៀត ដោយមានការប្រាក់ប្រចាំឆ្នាំ ត្រូវបានកំណត់ ០,០១% ។
ទន្ទឹមនឹងនេះ ប្រទេសថៃ នឹងធ្វើការបង់ប្រាក់ចំនួន ២ ដង ក្នុងឆ្នាំនីមួយៗ គឺនៅថ្ងៃទី ២០ ខែឧសភា និងថ្ងៃទី ២០ ខែវិច្ឆិកា ខណ:ការទូទាត់ដំបូងនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ និងលើកចុងក្រោយ នៅខែឧសភា ឆ្នាំ ២០៣៧ ។
មិនតែប៉ុណ្ណោះ ដោយថ្លែងនៅមុននេះបន្តិច លោក Arkhom បាននិយាយថា កម្ចីមួយនេះ នឹងលើកកម្ពស់សមត្ថភាពសុខភាពសារណ:របស់ប្រទេស ជាមួយនឹងការជួយផ្តល់ថវិកា ក្នុងការព្យាបាយជំងឺកូវីដ ១៩ និងបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចលើប្រជាពលរដ្ឋក្នុងប្រទេស ៕