ស្រីលង្កា ប្រកាសកូតាថ្មី សម្រាប់ការចាក់ប្រេងឥន្ធន:តាមស្ថានីយ៍ ក្រោយមានភាពខ្វះខាតខ្លាំង

អន្តរជាតិ

ប្រទេសស្រីលង្កា ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ថ្មីៗនេះ បានប្រកាសអំពីកូតាថ្មី ក្នុងការចាក់ប្រេងឥន្ធន:ប្រចាំសប្តាហ៍ សម្រាប់អ្នកបើកបរ ដោយសារតែមានភាពខ្វះខាតកាន់តែអាក្រក់ទៅៗ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្រ្តីក្រសួងថាមពលស្រីលង្កា លោក Kanchana Wijesekera បាននិយាយថា សាជីវកម្មប្រេង Ceylon Petroleum ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋ កំពុងតែជួបការលំបាកយ៉ាងខ្លាំង ក្នុងការផ្តល់ហិរញ្ញប្បទានដល់ការនាំចូលប្រេង ចំពេលការប្រើប្រាស់បានកើនឡើង ដោយសារតែកង្វះខាតអគ្គិសនី និងឧស្ម័នរាវ ។

មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីរូបនេះ បាននិយាយថា ៖” យើងគ្មានជម្រើសអ្វី ក្រៅពីចុះឈ្មោះអតិថិជន នៅស្ថានីយ៍ចាក់បំពេញ ហើយផ្តល់ឱ្យពួកគេនូវកូតាប្រចាំសប្តាហ៍ ដើម្បីអាចធានាបានរហូតដល់ពេលយើងអាចពង្រឹងស្ថានភាពហិរញ្ញវត្ថុឡើងវិញ ” ។ ” ហើយខ្ញុំសង្ឃឹមថា ការអនុវត្តកូតានេះ នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ដំបូងនៃខែកក្កដា ” ។

យ៉ាងណាក៏ដោយ លោក Kanchana មិនបានបញ្ជាក់ថា អ្នកបើកបរ​ អាចអនុញ្ញាតឱ្យទិញប្រេងសាំងបានប៉ុន្មានលីត្រ នៅក្រោមការអនុវត្តកូតាថ្មីនេះ នៅឡើយទេ ។

គួរឱ្យដឹងផងដែរថា ប្រទេសស្រីលង្កា កំពុងតស៊ូជាមួយនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេលជាច្រើនទសវត្សរ៍មកនេះ ដោយប្រទេសនៅអាស៊ីមួយនេះ មិនអាចនាំចូលទំនិញសំខាន់ៗដូចជា អាហារ ប្រេងឥន្ធន: និងថ្នាំពេទ្យបានឡើយ ដោយសារកង្វះទុនបម្រុងប្តូរប្រាក់បរទេស ។

ទន្ទឹមនឹងនេះ កាលពីពាក់កណ្តាលខែមេសា រដ្ឋាភិបាលបានបញ្ជាឱ្យគ្រប់ស្ថានីយ៍ប្រេងឥន្ធន:ទាំងអស់ មិនត្រូវចាក់ប្រេងលើសពី ៤ លីត្រសម្រាប់ម៉ូតូ , ៥ លីត្រសម្រាប់ម៉ូតូកង់បី និង ១៩,៥ លីត្រ សម្រាប់សាំងឬម៉ាស៊ូត ឱ្យរថយន្តនោះឡើយ៕