កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ កីឡាករបាល់បោះ LeBron James បានទទួលងារជាអត្តពលិកដំបូងដែលជាប់ឈ្មោះជាមហាសេដ្ឋី អំឡុងពេលប្រកបអាជីពជាអត្តពលិក ហើយថ្មីៗនេះ Forbes បានសន្និដ្ឋានថា អត្តពលិកទី ២ ដែលទទួលបានងារជាមហាសេដ្ឋីបន្ទាប់គឺ Tiger Woods។

យោងតាមការចុះផ្សាយពី ESPN បានឲ្យដឹងថា ទិន្នន័យទ្រព្យសម្បត្តិរបស់ Superstar លើវិស័យកីឡាវាយកូនហ្គោលដែលផ្ដល់ឲ្យដោយ Forbes គឺមានយ៉ាងតិច ១ ពាន់លានដុល្លារ គិតត្រឹមចុងសប្ដាហ៍មុន។

បន្ថែមពីនោះ Forbes ក៏បានបង្ហើបទៀតថា Tiger Woods រកចំណូលបានប្រហែល ១២១,១ លានដុល្លារក្នុងរយៈពេល ១២ ខែចុងក្រោយ ខណៈតិចជាង ១០% នៃចំនួននេះគឺបានមកពីអាជីពជាកីឡាវាយកូនហ្គោល ស្របពេលតម្លៃកុងត្រាពីក្រុមហ៊ុនធំៗដូចជា Nike, TaylorMade, Gatorade និង Monster Engergy ទើបជាចំណែកធំនៃប្រាក់ចំណូលដ៏សំបើមខាងលើ។

សូមជម្រាបដែរថា Tiger Woods គឺជាអត្តពលិកដែលមានតម្លៃខ្លួនខ្ពស់បំផុតទី ១៤ លើលោក បើទោះជាអវត្តមាននៅការប្រកួតពានរង្វាន់ជាច្រើនកាលពីឆ្នាំ ២០២១ ក្ដី។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយ Forbes៕