កាលពីថ្ងៃសុក្រសប្ដាហ៍មុន The Wall Street Journal បានរាយការណ៍មកថា ក្រុមមេធាវីកំពុងចាប់ផ្ដើមស៊ើបអង្កេតរឿងក្ដីទាក់ទងនឹងក្រុមហ៊ុន Meta Platforms Inc. ដែលមានការសង្ស័យថា អ្នកស្រី Sheryl Sandberg បានកិបកេងប្រយោជន៍ក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំ។

ប្រភពខាងលើបានបន្ថែមទៀតថា បច្ចុប្បន្នការស៊ើបអង្កេតកំពុងដំណើរការដោយបានសម្ភាសន៍ទៅកាន់បុគ្គលិកមួយចំនួននៃក្រុមហ៊ុន Meta និងបានបង្ហើបថា ការស៊ើបអង្កេតបានចាប់ផ្ដើមតាំងពីរដូវស្លឹកឈើជ្រុះមកម៉្លេះ។

សារព័ត៌មានអាមេរិកខាងលើបានទម្លាយទៀតថា បុគ្គលិកក្រុមហ៊ុន Meta មួយចំនួននឹងទទួលបានការឃ្លាំមើលយ៉ាងហ្មត់ចត់អំពីរឿងក្ដីមួយនេះ ស្របពេល Reuters មិនអាចស្នើសុំការបកស្រាយពីក្រុមហ៊ុន Meta ឬក៏អ្នកស្រី Sheryl Sandberg បាននៅឡើយ។

បញ្ជាក់ដែរថា Sheryl Sandberg គឺជាមនុស្សជំនិតរបស់ Mark Zuckerberg អស់រយៈពេលប្រមាណ ១៤ ឆ្នាំកន្លងមក ហើយអ្នកស្រីក៏ជាចំណែកធំមួយជួយឲ្យ Facebook ឈរជើងបានខ្លាំងជាបណ្ដាញសង្គមធំបំផុតក្នុងលោក ប៉ុន្តែកាលពីប៉ុន្មានសប្ដាហ៍មុនអ្នកស្រីស្រាប់តែលាលែងពីតំណែងជា COO ប្រចាំក្រុមហ៊ុនយ៉ាងតក់ក្រហល់ និងបានបង្កការភ្ញាក់ផ្អើលជាខ្លាំងផងដែរ៕