វិស័យកាក់ឌីជីថល Cryptocurrency កំពុងទទួលបានការពេញនិយមខ្លាំងទូទាំងសកលលោក ហើយសូម្បីតែនៅប្រទេសកម្ពុជាយើងក៏សំបូរអ្នកមានចំណេះដឹងលើវិស័យមួយនេះច្រើនផងដែរ។
កន្លងមក Cryptocurrency បានជួយឲ្យបុគ្គលជាច្រើនកើនទ្រព្យសម្បត្តិរហូតក្លាយជាមហាសេដ្ឋី ដូចជា ស្ថាបនិក Binance, Changpeng Zhao ស្ថាបនិក FTX, Sam Bankman-Fried សហស្ថាបនិក Gemini បងប្អូនត្រកូល Winklevoss សហស្ថាបនិក Coinbase Brian Armstrong និង Fred Ehrsam ហើយចុងក្រោយគឺ Mike Novogratz អតីតបុគ្គលិកធនាគារ វិវត្តជាអ្នកផ្សព្វផ្សាយដំណឹងទាក់ទងនឹងកាក់ឌីជីថល។
យ៉ាងណា វាហាក់ដូចជាសុបិន្ដដ៏អាក្រក់មួយសម្រាប់អ្នកជួញដូរលើវិស័យមួយនេះ ដ្បិតបច្ចុប្បន្នផ្សារគ្រីបតូកំពុងដាំក្បាលចុះ ឬអាចហៅស្ថានការណ៍មួយនេះបានថា Bear Market ដែលវាបានបណ្ដាលឲ្យបុគ្គលខាងលើទាំងអស់របូតទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។
ក្នុងចំណោមបុគ្គលមានការខាតបង់ធ្ងន់ធ្ងរបំផុតលើវិស័យមួយនេះគឺ មេធំ Binance ពោលក្នុងរយៈពេល ៨ ខែ ទ្រព្យសម្បត្តិរបស់លោកថយពី ៩៥,៨ ពាន់លានដុល្លារ មកសល់ត្រឹម ១០,២ ពាន់លានដុល្លារ ដែលមានន័យថា លោកបានបាត់បង់ទ្រព្យសម្បត្តិប្រមាណ ៨៥,៦ ពាន់លានដុល្លារ។ នេះបើរាមការចុះផ្សាយពី Bloomberg Billionaires Index។
ក្រៅពីលោក Zhao ទ្រព្យសម្បត្តិរបស់ Armstrong ថយពី ១៣,៧ ពាន់លានដុល្លារកាលពីខែវិច្ឆិកា មកសល់ត្រឹម ២,១ ពាន់លានដុល្លារ ស្របពេលមេធំ FTX របូតអស់ជិត ៩ ពាន់លានដុល្លារ ពោលទ្រព្យសម្បត្តិថយពី ១៥,១ ពាន់លានដុល្លារ មកនៅត្រឹម ៦,២ ពាន់លានដុល្លារ។
យ៉ាងណា ដ្បិតតែបុគ្គលដែលបានរៀបរាប់ខាងលើរបូតលុយច្រើនសន្ធឹកក៏ពិតមែន ប៉ុន្តែមានតែបងប្អូនត្រកូល Winklevoss ទេ ដែលរបូតដោយទាំងងារជាមហាសេដ្ឋីទៀត ពោលទ្រព្យសម្បត្តិរបស់អ្នកទាំងពីរថយពីខ្ទង់ ៣ ពាន់លានដុល្លារ មកសល់ត្រឹម ៨០០ លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពី Thestreet៕