តើ​ត្រកូលស៊ីណាវ៉ាត់ត្រា​អាច​វិល​ចូល​ឆាកនយោបាយវិញ​ទេ ក្រោយ​លេចលឺ​ថាកូនស្រី​ពៅ ថាក់ស៊ីន​នឹង​ឈរ​ឈ្មោះ​ជាបេក្ខភាព​បោះឆ្នោត​ឆ្នាំ​ក្រោយ?

អន្តរជាតិ

ត្រកូល​ស៊ីណាវ៉ាត់ត្រា​គឺ​ជា​អតីត​មេដឹកនាំ​ប្រទេស​ថៃ​ជិត ១០ ឆ្នាំ ហើយ​ប្រជាជន​ថៃ​ស្ទើរ​តែ​មួយ​ប្រទេស​សុទ្ធ​តែ​ស្គាល់​ពី​ឥទ្ធិពល​នៃ​គ្រួសារ​មួយ​នេះ ជាពិសេស​គឺ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ​ទាំង​លោក​ថាក់ស៊ីន និង​អ្នកស្រី​យីងឡាក់ សុទ្ធតែ​មាន​វាសនា​ដូចគ្នា ពោល​ដឹកនាំ​ប្រទេស​បាន​ប៉ុន្មាន​ឆ្នាំ ក៏​របូត​តំណែង​ដោយសារ​រដ្ឋប្រហារ ខណៈ​បច្ចុប្បន្ន​អ្នកទាំង ២ កំពុង​រស់នៅ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ដើម្បី​គេចវេស​ពី​ការ​ធ្វើទុក្ខ​បុកម្នេញ​ពី​កងទ័ព​តាម​ផ្លូវ​តុលាការ។

ក្រឡេក​មក​មើល​ស្ថានការណ៍​បច្ចុប្បន្ន​វិញ ក្រុម​អ្នកគាំទ្រ​បក្សភឿថៃ​កំពុង​បង្ហាញ​ជំហរ​យ៉ាងខ្លាំង គាំទ្រ​កូនស្រី​ពៅ​លោក​ថាក់ស៊ីន អ្នកស្រី​ផែថុងថាន ស៊ីណាវ៉ាត់ត្រា​ដែល​ជា​ពាណិជ្ជករ​វ័យក្មេង​ម្នាក់ ក្នុង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​បោះឆ្នោត​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០២៣។

ទន្ទឹម​នឹង​នោះ ពាណិជ្ជករ​វ័យ ៣៥ ឆ្នាំ​ខាងលើ​ក៏​ត្រូវបាន​ប្រទះ​ឃើញ​ ឧស្សាហ៍​បង្ហាញ​មុខ​ជា​ញឹកញាប់​នៅ​កម្មវិធី​សប្បុរសធម៌ ក៏​ដូចជា​កម្មវិធី​រៀបចំ​ឡើង​ដោយ​អ្នក​គាំទ្រ​បក្ស​ឥត​សូវ​លោះពេល​ឡើយ។

“​ពួក​យើង​អាច​ប្រែក្លាយ​ប្រទេស​ថៃ ពី​ប្រទេស​ដែល​ជំពាក់​បំណុល​គេ​វ័ណ្ឌក និង​គ្មាន​អនាគត ទៅ​ជា​ប្រទេស​ដែល​សំបូរ​ឱកាស​សម្រាប់​ពួក​យើង និង​សម្រាប់​យុវវ័យ​ជំនាន់ក្រោយ”។ នេះ​បើតាម​សម្ដី​របស់​អ្នកស្រី​បាន​ប្រាប់ AFP នៅ​ក្នុង​បទសម្ភាសន៍​កាលពី​ខែមុន។

ក្រុម​អ្នកគាំទ្រ​បាន​បង្ហាញ​ការ​សាទរ និង​គាំទ្រ​ការ​បង្ហាញ​ខ្លួន​លើ​ឆាក​នយោបាយ​របស់​អ្នកស្រី ​ផែថុងថាន​ជាខ្លាំង ស្របពេល​មុខតំណែង​អ្នកស្រី​នៅ​បក្ស​មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ឡើយ គ្រាន់តែ​គេ​រំពឹង​ថា ការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ឆ្នាំ ២០២៣ កូនស្រី​ពៅ​អតីតមេដឹកនាំ​ថៃ​នឹង​ឈរ​ជា​បេក្ខភាព​តំណាង​បក្ស​ភឿថៃ។

សូមជម្រាបដែរ​ថា អ្នកស្រី​ផែថុងថាន​ក៏​ជា​អ្នកគ្រប់គ្រង​អាជីវកម្ម​គ្រួសារ​ដែល​មាន​ឈ្មោះ​ថា RendeDevelopment ផងដែរ។

បើសិន​ជា​អ្នកស្រី​ផែថុងថាន​ពិត​ជា​ជាប់ឆ្នោត​នៅ​អាណត្តិ​ក្រោយ​មែន លោក​ថាក់ស៊ីន និង​អ្នកស្រី​យីងឡាក់​នឹង​អាច​វិល​ចូល​មាតុភូមិ​ដោយ​មាន​មោទនភាព​បំផុត ស្របពេល​គ្រួសារ​ត្រកូល​ស៊ីណាវ៉ាត់ត្រា​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ឆាក​នយោបាយ ពោល​គណបក្ស​ភឿថៃ​ទទួល​បាន​សំឡេង​ភាគច្រើន​នៅ​សភា​ដែល​មាន​ ៥០០ អាសនៈ និង​នៅ​ព្រឹទ្ធសភា​ដែល​មាន ២៥០ អាសនៈ៕