ឆមាស​ទី ១ នៃ​ឆ្នាំ ២០២២ ក្រុម​មហាសេដ្ឋី​មាន​បំផុត​របូត​លុយ​ប្រហែល ១,៤ ទ្រី​លាន​ដុល្លារ

អន្តរជាតិ

យោង​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Bloomberg Billionaires Index បាន​ឲ្យ​ដឹង​ថា វិស័យ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​មាន​ភាព​រញ៉េរញ៉ៃ ស្របពេល​គ្រប់គ្នា​ក៏​មាន​ការ​បារម្ភ​ជាមួយ​នឹង​វិបត្តិ​អតិផរណា​ដែល​នឹង​អាច​កើតមាន​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ខាងលើ​បន្ថែម​ទៀត​ថា ឥទ្ធិពល​ទាំងនោះ​បាន​ធ្វើ​ឲ្យ​ក្រុមមហាសេដ្ឋី ៥០០ នាក់​មាន​បំផុត​លើ​លោក​របូត​ធនធាន​អស់​ច្រើន​សន្ធឹក ពោល​បើ​សរុប​ការ​ខាតបង់​ជារួម​គឺ​មាន​រហូត​ដល់ ១,៤ ទ្រី​លាន​ដុល្លារ​ត្រឹម​រយៈពេល ៦ ខែ​តំបូង​នៃ​ឆ្នាំ ២០២២។

ក្នុង​ចំណោម​បុគ្គល​ដែល​ទទួល​ការ​ខាតបង់​ធ្ងន់ធ្ងរ​បំផុត​គឺ Changpeng Zhao ដែល​របូត​លុយ​ដល់​ទៅ​ជាង ៨៥ ពាន់​លាន​ដុល្លារ ស្របពេល Elon Musk ខាតបង់​ប្រហែល​ជាង ៧៣ ពាន់​លាន​ដុល្លារ ស្របពេល Jeff Bezos និង Mark Zuckerberg បាត់បង់​លុយ​ប្រហែល ៦៥ ពាន់​លាន​ដុល្លារ/ម្នាក់។ នេះ​បើតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Bloomberg Billionaire Index។

ទន្ទឹម​នឹង​នោះ ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ Capgemini បាន​បង្ហាញ​ថា សហរដ្ឋអាមេរិក ជប៉ុន ចិន និង​អាល្លឺម៉ង់​នៅ​តែ​ជា​ប្រទេស​សំបូរ​មហាសេដ្ឋី​រស់នៅ​ច្រើន​បំផុត​លើ​លោក ពោល​បុគ្គល​មាន​ទ្រព្យ​កប់​ពពក​ប្រមាណ ៦៤% ទូទាំងសកលលោកកំពុង​រស់នៅ​ប្រទេស​ទាំង ៤ ខាងលើ។

សូមជម្រាបដែរ​ថា ការ​ខូចខាត​ដ៏​សំបើម​មួយ​នេះ បណ្ដាល​មក​ពី​វិបត្តិ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ជ្រួលច្របល់ ស្របពេល​មហាអំណាច​ចិន​រឹត​បន្តឹង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ខណៈ​វិស័យ​កាក់​ឌីជីថល​កំពុង​ដាំក្បាល​ចុះ​ទៀត ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​មហាសេដ្ឋី​ជាច្រើន​របូត​ទៅ​ផុយៗ ត្រឹម​មួយ​ពព្រិច​ភ្នែក៕