កាលពីថ្ងៃអង្គារកន្លងទៅ មហាសេដ្ឋី Warren Buffett បានប្រកាសបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ ៤ ពាន់លានដុល្លារ ទៅកាន់ស្ថាប័នសប្បុរសធម៌ Bill & Melinda Gates Foundation Trust និងក្រុមគ្រួសារ ៤ ផ្សេងទៀត ខណៈការបរិច្ចាគមួយនេះគឺជាចំណែកមួយនៃការសន្យាបរិច្ចាគទឹកប្រាក់របស់លោកស្ទើរទាំងអស់សម្រាប់ការធ្វើសប្បុរសធម៌។

យោងតាមការចុះផ្សាយពី TheStar បានឲ្យដឹងថា ក្រុមហ៊ុន Berkshire Hathaway Inc. របស់លោក Buffett បានបរិច្ចាគជាភាគហ៊ុនប្រមាណ ១៤,៤ លានហ៊ុន ដែលមានតម្លៃប្រមាណ ២៧៧,៦៤ ដុល្លារ/ហ៊ុន គិតត្រឹមហាងឆេងថ្ងៃអង្គារ។
ក្នុងចំណោមភាគហ៊ុនដែលបានបរិច្ចាគខាងលើ ចំណែក ១១ លានហ៊ុននឹងផ្ដល់ជូនទៅកាន់ Bill & Melinda Gates Foundation ខណៈ ១,១ លានហ៊ុនទៀតនឹងផ្ទេរទៅ Susan Thompson Buffett Foundation ដែលដាក់ឈ្មោះតាមភរិយាដំបូងរបស់លោកដែលបានចែកឋានទៅកាលពីឆ្នាំ ២០០៤។

ដោយឡែក ភាគហ៊ុនដែលសេសសល់នឹងប្រគល់ជូនទៅកាន់ស្ថាប័នសប្បុរសធម៌ ៣ ផ្សេងទៀតដែលកាន់កាប់ដោយកូនៗទាំង ៣ របស់ Buffeet មានដូចជា Howard G. Buffett Foundation, Sherwood Foundation និង Novo Foundation។

បើទោះជាកន្លងមក មហាសេដ្ឋីមានបំផុតទី ៥ លើលោកបរិច្ចាគទ្រព្យសម្បត្តិអស់ជាច្រើនពាន់លានដុល្លារហើយក្ដី ក៏ប៉ុន្តែលោកក៏នៅជាប់ឈ្មោះជាម្ចាស់ភាគហ៊ុនធំបំផុតមួយនៅ Berkshire Hathaway ដែលមានភាគហ៊ុន ១៦% សរុបនៅក្នុងដៃ និងមានសិទ្ធគ្រប់គ្រង ១/៣ នៃក្រុមហ៊ុនទាំងមូល។

សូមជម្រាបដែរថា ក្រៅពី Warren Buffett ក៏នៅមានបុគ្គលមានទ្រព្យសម្បត្តិច្រើនអនេកដូចជា Bill Gates, Michael Bloomberg, Larry Ellison, Carl Icahn, Elon Musk និង Mark Zuckerberg ជាដើម សុទ្ធតែបានធ្វើការសន្យាជាសាធារណៈ អំពីការបរិច្ចាគទ្រព្យសម្បត្តិយ៉ាងតិចពាក់កណ្ដាល ទៅកាន់កម្មវិធីសប្បុរសធម៌។ នេះបើតាមការឲ្យដឹងពី Reuters៕