បច្ចុប្បន្ន វិស័យកាក់ឌីជីថល Cryptocurrency គឺកំពុងស្ថិតក្នុងសភាពយ៉ាប់យ៉ឺនជាខ្លាំង ដោយតម្លៃស្ទើរគ្រប់កាក់ ជាពិសេសគឺ Bitcoin បានបន្តធ្លាក់ចុះពីចំណុចកំពូលប្រមាណ ៦៩ ០០០ ដុល្លារមកសល់ត្រឹមប្រហែល ២១ ០០០ ដុល្លារប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ១៦ មិថុនា ២០២២។

ទន្ទឹមនឹងការធ្លាក់ចុះយ៉ាងគំហុកមួយនេះ ក៏មានសំណួរមួយចោទសួរថា តើមហាសេដ្ឋីបច្ចេកវិទ្យាដូចជា Bill Gates មានបានធ្វើការវិនិយោគលើវិស័យជួញដូរកាក់ឌីជីថល ឬក៏គំនូរអេឡិចត្រូនិក NFT ដែរទេ?

ចម្លើយគឺ ស្ថាបនិក Microsoft មិនបានផុងខ្លួនក្នុងវិស័យកាក់ឌីជីថល ឬក៏ NFT ឡើយ ហើយលោកថែមទាំងបានបង្ហើបទៀតថា កាក់ឌីជីថល ឬ NFT នេះគឺជាការវិនិយោគឆ្កួតៗ (Greater Fool Theory)។ នេះបើតាមសម្ដីរបស់លោកបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយ TechCrunch។
បញ្ជាក់ដែរថា Greater Fool Theory គឺជាទ្រឹស្ដីមួយដែលរៀបរាប់ថា វត្ថុខ្លះមានតម្លៃកាន់តែថ្លៃ នៅពេលដែលបុគ្គលមួយចំនួនហ៊ានចំណាយលុយលើវា ជាជាងយល់ដឹងពីតម្លៃពិតប្រាកដនៃវត្ថមួយនោះ។

អានដល់ត្រឹមនេះ អ្នកអាចសន្និដ្ឋានបានថា Bill Gates មិនមែនជា Fan នៃពពួកកាក់ឌីជីថល ឬ NTF ឡើយ ផ្ទុយទៅវិញលោកបានទម្លាយថា សុខចិត្តយកលុយទៅវិនិយោគជាមួយហ៊ុន ជាជាងបណ្ដាក់ទុនលើ Cryptocurrency។ នេះបើតាមការឲ្យដឹងពី Gufufocus។

សូមជម្រាបដែរថា ក្រៅពី Microsoft មហាសេដ្ឋីខាងលើក៏ជាម្ចាស់ភាគហ៊ុនដ៏ធំមួយនៃក្រុមហ៊ុនយក្សមួយចំនួនដូចជា Berkshire Hathaway, Waste Management, Canadian National Railway Co, Caterpillar និង Walmart ជាដើម៕