យោងតាមរបាយការណ៍ផ្ដល់ឲ្យដោយ Henley Global Citizens Report បានឲ្យដឹងថា អារ៉ាប់រួមនឹងក្លាយជាប្រទេសគោលដៅសំខាន់បំផុតមួយសម្រាប់ពពួកវិនិយោគិនមានទ្រព្យកប់ពពកនៅឆ្នាំ ២០២២ នេះ។

ប្រភពខាងលើបានបន្ថែមថា ក្រៅពីអារ៉ាប់រួម ក៏នៅមានប្រទេសផ្សេងទៀតដូចជា អូស្ត្រាលី សិង្ហបុរី អ៊ីស្រាអែល ស្វីស អាមេរិក ព័រទុយហ្គាល់ ក្រិក កាណាដា និងនូវែលហ្សេឡង់ នឹងក្លាយជាប្រទេសគោលដៅ សម្រាប់សេដ្ឋីប្រាក់វាល់លានដុល្លារ ទៅបណ្ដាក់ទុននៅឆ្នាំ ២០២២។

ដោយឡែក សម្រាប់ប្រទេសដែលអាចនឹងជួបវិបត្តិហិរញ្ញវត្ថុ ដោយសារវិនិយោគិនមានៗជម្លៀសខ្លួនចេញ មានដូចជា រុស្ស៊ី ចិន ឥណ្ឌា ហុងកុង អ៊ុយក្រែន ប្រេស៊ីល ចក្រភពអង់គ្លេស ម៉ិកស៊ិក អារ៉ាប៊ីសាអូឌីត និងឥណ្ឌូណេស៊ី។ នេះបើតាមរបាយការណ៍ផ្ដល់ដោយ New World Wealth។

បន្ថែមពីនោះ ប្រធានផ្នែកស្រាវជ្រាវ New World Wealth, Andrew Amoils បានបង្ហើបថា ការចាកចេញរបស់វិនិយោគិនប្រាក់វាល់លានដុល្លារពីប្រទេសចិន នឹងធ្វើឲ្យមហាអំណាចមួយនេះមានការខាតបង់ធ្ងន់ធ្ងរ ដោយសារទិន្នន័យបង្ហាញថា បុគ្គលមានៗប្រមាណ ១០ ០០០ នាក់នឹងចាកចេញពីប្រទេសចិននៅឆ្នាំ ២០២២ ទៅបណ្ដាក់ទុននៅប្រទេសផ្សេងវិញ៕