នៅថ្ងៃទី ១៦ មិថុនា ២០២២ រោងចក្របង្គំ និងតំឡើងរថយន្ត Ford បានសម្ពោធជាផ្លូវការលើទឹកដីប្រទេសកម្ពុជា ដែលមានទីតាំងនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈរោងចក្រមួយនេះមានតម្លៃប្រមាណ ២១ លានដុល្លារ។

គួសរំលឹកដែរថា រោងចក្រតំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ អាចតំឡើងរថយន្តបានតែប្រភេទ XLT, Wildtrak និង Ford Everest ប៉ុណ្ណោះ សម្រាប់ដំណាក់កាលដំបូង។

ទាក់ទងនឹងការតំឡើងរថយន្តបានតែប៉ុន្មានម៉ូដែលខាងលើ អគ្គនាយកក្រុមហ៊ុន RMA Group Cambodia លោក ងន សាំង បានទម្លាយប្រាប់នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីចុងឆ្នាំ ២០២១ ថា ដោយសារម៉ូដែលទាំងប៉ុន្មានខាងលើ គឺកំពុងត្រូវប៉ាន់ខ្លាំងលើទីផ្សាររថយន្តកម្ពុជា ហើយក្រុមហ៊ុនមេ FORD ក៏អនុញ្ញាតឲ្យតំឡើងតែរថយន្ត ៣ ម៉ូដែលនោះសិន សម្រាប់ដំណាក់កាលដំបូងនេះ។

ក្រឡេកទៅមើលលទ្ធភាពនៃការតំឡើងរថយន្តវិញ អគ្គនាយកខាងលើក៏បានបន្ថែមទៀតថា សម្រាប់ឆ្នាំតំបូងនេះ ក្រុមហ៊ុនមានបំណងចង់តំឡើងឲ្យបានប្រមាណ ៤ ៥០០ គ្រឿងសរុប ខណៈចំនួនមួយនេះគឺស្មើនឹងការនាំចូលពាក់កណ្ដាលពីបរទេស។
ដោយឡែក សម្រាប់តម្លៃនៃរថយន្តតំឡើងក្នុងស្រុកវិញ លោក ងន សាំងបានបង្ហើបឲ្យដឹងទៀតថា វាអាចនឹងមានតម្លៃធូរជាងរថយន្តនាំចូល ប៉ុន្តែវាក៏ស៊ីសងទៅលើការអនុគ្រោះពីរដ្ឋាភិបាល លើការយកពន្ធទៅលើគ្រឿងបង្គំនាំចូលពីបរទេសផងដែរ៕