ក្រុមហ៊ុន Audi មានឈ្មោះល្បីរន្ទឺ លើវិស័យផលិតរថយន្តបែបទំនើប និងស៊ីវិល័យ ជាពិសេសគឺបច្ចេកវិទ្យាជំនាន់ចុងក្រោយតែម្ដង ហើយថ្មីៗនេះពួកគេបានចូលរួមជាមួយក្រុមហ៊ុនបង្កើតថ្មីមួយ ដើម្បីគ្រោងផលិតរ៉ឺម៉កកង់បីឥណ្ឌា។
យោងតាមការចុះផ្សាយពី Timesofindia បានឲ្យដឹងថា រ៉ឺម៉កកង់បីឥណ្ឌាដែលជាគម្រោងផលិតឡើងដោយក្រុមហ៊ុន Nunam នោះ នឹងបំពាក់ដោយអាគុយដែលប្រើប្រាស់លើរថយន្តអគ្គិសនីរបស់ Audi ស្របពេលគ្រោងការណ៍យក្សមួយនេះក៏នឹងអាចផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រចាំតំបន់ ជាពិសេសគឺស្ត្រីផងដែរ។
ជាការពិត រ៉ឺម៉កកង់បីគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយនៅប្រទេសឥណ្ឌា ប៉ុន្តែរ៉ឺម៉កទាំងនោះ សុទ្ធតែដំណើរការដោយអាគុយចាក់ទឹកអាស៊ីត ដែលងាយនឹងធ្វើឲ្យម៉ាស៊ីនឆាប់ខូចគុណភាព និងប្រើប្រាស់មិនសូវបានល្អ។
ដោយសម្លឹងឃើញពីតម្រូវការប្រចាំថ្ងៃបែបនេះ Nunam ក៏មានគំនិតបង្កើតរ៉ឺម៉កកង់បីដែលប្រើប្រាស់ដោយថាមពលអគ្គិសនីវិញ ដែលអាចប្រើប្រាស់បានយូរជាង និងមានថាមពលបានវែងជាង ស្របពេល Audi បង្ហើបថា គម្រោងមួយនេះក៏នឹងជួយកាត់បន្ថយការបំភាយឧស្ម័នពុលពីការបើកបររ៉ឺម៉កផងដែរ។
យ៉ាងណា គម្រោងការណ៍ខាងលើបច្ចុប្បន្ន កំពុងស្ថិតនៅការសិក្សានៅឡើយ ស្របពេលកាលបរិច្ឆេទនៃការផលិតជាក់លាក់ក៏មិនទាន់បង្ហើបអោយដឹងច្បាស់ដូចគ្នា៕