កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនខ្នាយយក្សរបស់អ៊ីតាលី Eni បានប្រកាសចូលរួមនៅក្នុងគម្រោងរបស់ក្រុមហ៊ុន Qatar Energy ដើម្បីពង្រីកផលិកកម្ម ពីតំបន់បូមយកហ្គាស់ ដ៏ធំបំផុតរបស់ពិភពលោក ពោលគឺនៅត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសរុស្ស៊ី បានកាត់បន្ថយការផ្គត់ផ្គង់ហ្គាស់របស់ខ្លួន ទៅឱ្យប្រទេសអ៊ីតាលី ។
បើយោងតាមការចុះផ្សាយពីកាសែត Bangkok Post បានបង្ហាញថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Qatar Energy បាននិយាយនៅក្នុងពិធីចុះហត្ថលេខា នៅទីក្រុង Doha ថា Eni នឹងទទួលបានសិទ្ធិកាន់កាប់ភាគហ៊ុនត្រឹមតែ ៣% នៅក្នុងគម្រោងហ្គាស់ North Field East ដែលមានតម្លៃសរុបប្រមាណ ២៨ ពាន់លានដុល្លារ ។
គួរឱ្យដឹងថា ប្រទេសកាតា ក៏បានប្រកាសអំពីការចូលរួមរបស់ក្រុមហ៊ុន TotalEnergies របស់ប្រទេសបារាំងផងដែរ ខណ:ពួកគេ គឺជាដៃគូបរទេសដំបូងគេ និងធំបំផុតរបស់ខ្លួន ទៅលើការអភិវឌ្ឍន៍គម្រោងនេះ កាលពីសប្តាហ៍មុន ជាមួយនឹងចំណែកភាគហ៊ុនប្រមាណ ៦,២៥% ។
ជាមួយនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី ទៅលើអ៊ុយក្រែន ដែលកំពុងបន្ត បានធ្វើឱ្យក្រុមហ៊ុនថាមពលធំៗជាច្រើន នៅជុំវិញពិភពលោក ត្រូវងាកទៅស្វែងរកប្រភពថាមពលថ្មី ខណ:ពេលដែលបណ្តាប្រទេសលោកខាងលិច ព្យាយាមកាត់បន្ថយការពឹងផ្អែកទាំងស្រុង ទៅលើរុស្ស៊ី ។
មិនតែប៉ុណ្ណោះ កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Eni បាននិយាយថា ខ្លួនទទួលបានត្រឹមតែ ៥០% ប៉ុណ្ណោះ នៃហ្គាស់ ដែលបានស្នើសុំពីក្រុមហ៊ុន Gazprom របស់រុស្ស៊ី ខណ:នេះគឺជាថ្ងៃទី ៣ ហើយដែលការផ្គត់ផ្គង់ហ្គាស់ពីក្រុមហ៊ុនធំបំផុតរបស់រុស្ស៊ី ត្រូវបានកាត់បន្ថយ ។ ហើយជាមួយបញ្ហានេះ រដ្ឋាភិបាលរបស់អ៊ីតាលី បានចោទប្រកាន់ទៅកាន់ក្រុមហ៊ុន Gazprom ថាបានបោកប្រាស់ ជុំវិញការកាត់បន្ថយនេះ ដែលជាលទ្ធផល ធ្វើឱ្យពួកគេ ត្រូវស្វែងប្រភពថាមពលថ្មី ៕