កាលពីពេលកន្លងទៅ មហាសេដ្ឋី Warren Buffett បានរៀបចំពិធីដេញថ្លៃការចូលរួមញាំអាហារឯកជនជាមួយលោកជាលើកទី ២១ និងជាលើកចុងក្រោយបំផុត ដើម្បីយកថវិកាបរិច្ចាគទៅ កាន់អង្គភាពសប្បុរសធម៌នៅ San Francisco។

ក្នុងឱកាសនោះផងដែរ វាក៏បានបង្កើតជាប្រវត្តិសាស្ត្រមួយ គឺមានបុគ្គលម្នាក់ដែលហ៊ានចំណាយលុយដល់ទៅ ១៩ លានដុល្លារ ដើម្បីចូលរួមទទួលទានអាហារពេលរសៀលជាមួយនឹងបិតាវិនិយោគិន ខណៈនេះគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុន។ នេះបើតាមការចុះផ្សាយពី SCMP។

បុគ្គលដែលបានឈ្នះក្នុងការចូលទទួលទានអាហារជាមួយ Buffett គឺសុំមិនបញ្ចេញអត្តសញ្ញាណឡើយ ហើយបើតាមអ្នកនាំពាក្យ eBay បានអះអាងថា ការដេញថ្លៃមួយនេះគឺជាការលក់ទំនិញថ្លៃបំផុតលើវេបសាយ eBay។

សូមជម្រាបដែរថា អង្គការសប្បុរសដែលនឹងទទួលបានទឹកប្រាក់ខាងលើគឺមានឈ្មោះថា Glide ដែលជាអង្គភាពមិនមានប្រាក់ចំណេញនៅ San Francisco បង្កើតឡើងក្នុងគោលបំណងជួយប្រជាជនក្រីក្រ ជនគ្មានផ្ទះសំបែង ដោយផ្ដល់ឲ្យពួកគេនូវជម្រក ឱកាសការងារផ្សេងៗ។

គិតមកទល់នឹងពេលនេះ Buffett បានជួយអង្គការខាងលើប្រមូលថវិកាសប្បុរសធម៌ប្រមាណ ៥៣,២ លានដុល្លារពីការដេញថ្លៃញាំអាហារឯកជន ២១ លើក រាប់តាំងពីឆ្នាំ ២០០០ គត់មក៕