កាលពីប៉ុន្មានសប្ដាហ៍មុន ប្រធានាធិបតី Joko Widodo បានណាត់ជួបមហាសេដ្ឋី Elon Musk ដើម្បីពិភាក្សាលទ្ធភាពនៃការវិនិយោគរបស់ក្រុមហ៊ុនយក្ស Tesla មកកាន់ប្រទេសឥណ្ឌូណេស៊ី អំឡុងពេលថ្នាក់ដឹកនាំរូបនេះបានចូលរួមកិច្ចប្រជុំអាស៊ាននៅអាមេរិក។

មិនមែនមានតែ Tesla ទេ ដែលកំពុងស្ថិតក្រោមការឃ្លាំមើលពីរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការអូសទាញការបណ្ដាក់ទុនក្នុងស្រុក ពោលលោក Jokowi បានទម្លាយឲ្យដឹងថា សូម្បីតែ Ford និងក្រុមហ៊ុនរថយន្តផ្សេងៗទៀត ក៏កំពុងពិភាក្សាពីលទ្ធភាពសាងសង់រោងចក្រផលិតរថយន្ តនៅក្នុងប្រទេសឥណ្ឌូណេស៊ីថែមទៀតផង។ នេះបើតាមការចុះផ្សាយពី CNBC។
មូលហេតុចំបងដែលថ្នាក់ដឹកនាំប្រទេសនៅអាស៊ីអាគ្នេយ៍អះអាងថា អាចទាក់ចិត្តក្រុមហ៊ុនធំៗទាំងនោះ ដោយសារសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីមានសក្ដានុពលធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស្របពេលប្រទេសមួយនេះក៏ជាប្រភពយ៉ាងសំបូរបែបនៃវត្ថុធាតុដើមសម្រាប់ផលិតអាគុយរថយន្តផងដែរ។

ជាការពិត ឥណ្ឌូណេស៊ីមានប្រភពរ៉ែធម្មជាតិដូចជា សំណប៉ាហាំង ទង់ដែង នីកែល កូបាល់ និងបុកស៊ីតជាដើម ដែលសុទ្ធតែជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតអាគុយនៃរថយន្តអគ្គិសនី។
យ៉ាងណា ស្ថិតក្រោមការដឹកនាំរបស់លោក Jokowi ឥណ្ឌូណេស៊ីបានហាមឃាត់ការនាំចេញទំនិញសំខាន់ៗដូចជា នីកែលមិនទាន់កែច្នៃ ធ្យូងថ្ម និងប្រេងបរិភោគបានជាដើម ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ចក្នុងតំបន់។

ក្រៅពីនោះ យុទ្ធសាស្ត្រហាមឃាត់ការនាំចេញវត្ថុធាតុដើមទាំងនោះ គឺដើម្បីអូសទាញក្រុមហ៊ុនធំៗមកវិនិយោគ និងសាងសង់រោងចក្រផលិតរថយន្តក្នុងស្រុក ដើម្បីបង្កើនអត្រាការងារដល់ប្រជាជនក្នុងតំបន់ ឲ្យកាន់តែមានប្រាក់ចំណូលខ្ពស់ផងដែរ៕