យោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់ បាននិយាយកាលពីថ្ងៃចន្ទ ថា ការនាំចេញផលិតផលដំឡូងមីរបស់ប្រទេសថៃ នៅចន្លោះខែមករា និងខែមេសា បានកើនឡើងរហូតដល់ ២៨% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន នៅពេលដែលក្រុមហ៊ុននាំចូល បានព្យាយាមស្វែងរកជម្រើសទីផ្សារស្បៀងអាហារថ្មីៗ ចំពេលមានវិបត្តិកំពុងកើនឡើង ដោយសារតែបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។
តាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រទេសដែលមានការនាំចេញដំឡូងមីដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បាននាំចេញដំឡូងមីសរុបចំនួន ៤,៦ លានតោន និងផលិតផលផ្សេងទៀត រួមមាន ដំឡូងមី ម្សៅមី និងដំឡូងមីកិន ដែលមានតម្លៃប្រមាណ ៥៤,៨ ពាន់លានបាត ឬ ១,៥៥ ពាន់លានដុល្លារ ក្នុងរយ:ពេល ៤ ខែដំបូងនៃឆ្នាំ ២០២២ នេះ ហើយបានកើនឡើងរហូតដល់ ២៨,២% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។
គួរឱ្យដឹងថា ៧០% នៃការនាំចេញសរុបនេះ គឺបានដឹកទៅកាន់ប្រទេសចិន ខណ:គោលដៅធំៗផ្សេងទៀតមានដូចជាប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង ។
បណ្តាប្រទេសនានា កំពុងព្យាយាមទប់ទល់ជាមួយនឹងអត្រាអតិផរណា ដែលបានផ្ទុះឡើង នៅទូទាំងពិភពលោក ជាមួយនឹងតម្រូវការបានកើនឡើង ក្រោយមានភាពធូស្រាលពីវិបត្តិកូវីដ ១៩ និងសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ ដែលជាហេតុបានធ្វើឱ្យប្រទេសមួយចំនួន បានធ្វើការបែងចែកការឧបត្ថម្ភធនទៅលើអាហារ និងប្រេងឥន្ធន:រាប់ពាន់លានដុល្លារ ។
ទន្ទឹមនឹងនេះ មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់ប្រទេសថៃ លោក Phithak Udomwichaiwat បាននិយាយថា ៖ ” បច្ចុប្បន្នមានតម្រូវការកំពុងកើនឡើង ពីអ្នកទិញបរទេស ក្នុងអំឡុងពេលមានវិបត្តិអ៊ុយក្រែន-រុស្ស៊ី ។ ហើយពិភពលោក កំពុងបង្កើនទុនបម្រុងទុកសម្រាប់ស្បៀងអាហារ ក្នុងការប្រើប្រាស់ ” ។
មិនតែប៉ុណ្ណោះ លោកបានបន្ថែមទៀតថា ៖ ” ឧស្សាហកម្មចំណីសត្វ និងថាមពល បានងាកទៅរកការនាំចូលផលិតផលដំឡូងមីជំនួស ដែលជាការរុញច្រានឱ្យមានតម្រូវការ និងតម្លៃកើនឡើង ” ៕