កាលពីពេលថ្មីៗនេះ កូនប្រុស Elon Musk គឺ Xavier Musk បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការក្រុង L.A. ដើម្បីសុំផ្លាស់ប្ដូរឈ្មោះទៅជា Vivian Jenna Wilson វិញ ដោយយកត្រកូលតាមម្ដាយ បន្ទាប់ពីប្រកាសចង់កែភេទទៅជានារី។ នេះបើតាមការចុះផ្សាយពី TMZ។

ប្រភពដដែលក៏បានបន្ថែមទៀតថា ក្រៅពីមានបំណងចង់កែប្រែឈ្មោះ យុវជនវ័យ ១៨ ឆ្នាំថែមទាំងទម្លាយទៀតថា គេមិនចង់មានការពាក់ព័ន្ធនឹងមហាសេដ្ឋី Elon Musk តទៀតឡើយ មិនថាទាំងឈ្មោះ និងរូបរាងអ្វីទាំងអស់។ នេះបើតាមឯកសារនៃពាក្យបណ្ដឹងមួយនោះ។

សូមជម្រាបដែរថា Xavier គឺជាកូនប្រុសរបស់ Elon Musk និងអ្នកស្រី Justine Wilson ដែលបានរៀបការនៅឆ្នាំ ២០០០ ប៉ុន្តែបានលែងលះនៅឆ្នាំ ២០០៨ ដោយបន្សល់ទុក Xavier និងបងប្អូនភ្លោះម្នាក់ទៀតមានឈ្មោះ Griffin។

ជុំវិញបញ្ហាខាងលើ Elon Musk នៅមិនទាន់ចេញមុខផ្ដល់តម្រុយអ្វីនៅឡើយ ស្របពេលសវនាការលើញត្តិប្តូរឈ្មោះគ្រោងធ្វើនៅចុងសប្តាហ៍នេះ ប៉ុន្តែមិនមានព័ត៌មានណាមួយបញ្ជាក់ជាក់លាក់ពីការចូលរួមរបស់មេធំ Tesla ឡើយ៕