កាលពីពេលកន្លងទៅនេះ ទីភ្នាក់ងារជំរុញពាណិជ្ជកម្មវៀតណាម (Vietrade) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម កាលពីថ្ងៃទី ២១ ខែមិថុនា បានរៀបចំធ្វើសិក្ខាសាលាពិគ្រោះយោបល់ធំមួយ នៅខេត្ត Tay Ninh សម្រាប់ក្រុមហ៊ុននាំចេញក្នុងស្រុក ដែលមានការចាប់អារម្មណ៍ទៅលើទីផ្សារប្រទេសឡាវ និងថៃ ។
មិនតែប៉ុណ្ណោះ យោងតាមការចុះផ្សាយពីសារព័ត៌មាន Vietnam Plus ក៏បានបង្ហាញទៀតថា ព្រឹត្តិការណ៍ស្រដៀងគ្នានេះមួយផ្សេងទៀត ត្រូវបានធ្វើឡើងនៅថ្ងៃបន្ទាប់ផងដែរ ដើម្បីគាំទ្រដល់ធុរកិច្ចវៀតណាម ក្នុងការនាំចេញផលិតផលកសិកម្ម និងអាហារ មកកាន់ទីផ្សារប្រទេសកម្ពុជា ។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញរបស់វៀតណាម មកកាន់ប្រទេសកម្ពុជាយើង មានតម្លៃ ៤,៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ កើនឡើង ១៥,៧% បើធៀបទៅនឹងឆ្នាំមុន ខណ:តួលេខនេះ បានកើនឡើង ៣១,២% ក្នុងរយ:ពេល ៥ ខែដំបូងនៃឆ្នាំនេះ ដល់ចំនួន ២,៦ ពាន់លានដុល្លារ ។
កម្ពុជា បាននាំចូលផលិតផលដែក ផលិតផលគីមី ប្លាស្ទិក គ្រឿងចក្រ និងឧបករណ៍អគ្គិសនី អាហារកែច្នៃ និងគ្រាប់ធញ្ញជាតិពីប្រទេសវៀតណាម ខណ:ការនាំចេញទៅវៀតណាមវិញ មានដូចជាកៅស៊ូ គ្រាប់ស្វាយចន្ទី និងផលិតផលកសិកម្ម ។
ជាមួយគ្នានេះ ពាណិជ្ជកម្មរបស់វៀតណាម ជាមួយប្រទេសឡាវ បានឈានដល់ ៧០៨,២ លានដុល្លារ ក្នុងរយ:ពេល ៥ ខែដំបូងនៃឆ្នាំ ២០២២ នេះ ជាមួយនឹងការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសជិតខាង បានធ្លាក់ចុះ ១១,៧% ពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹមចំនួន ២៤៧,២ លានដុល្លារអាមេរិក ។
ទំនិញដែលវៀតណាម ដឹកជញ្ជូនទៅកាន់ប្រទេសឡាវ ភាគច្រើនជាផលិតផលដែក យានជំនិះ គ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន ជី បា្លស្ទិក និងបន្លែ ។
ដោយឡែកសម្រាប់ប្រទេសថៃ នៅតែស្ថិតនៅក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ១០ របស់វៀតណាម អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ខណ:បើតាមទិន្នន័យពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បានកើនឡើង ៧ដង ដល់ចំនួន ១៦,៥៨ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២០ ពីចំនួន ២,៣១ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០០៤ មួយនឹងកំណើនប្រចាំឆ្នាំ ជាមធ្យមជាង ១១% ។
ហើយសម្រាប់រយ:ពេល ៥ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំង ២ មានចំនួន ៨,៥៧ ពាន់លានដុល្លារ ខណ:ការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសថៃ មានចំនួន ២,៩៥ ពាន់លានដុល្លារ កើនឡើង ១៥,៦% ជាមួយនឹងផលិតផលនាំចេញ មានដូចជាគ្រឿងសមុទ្រ បន្លែ គ្រាប់ស្វាយចន្ទី កាហ្វេ ម្រេច និងផ្លែឈើ ៕