សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅបន្តអូសបន្លាយអស់រយៈពេលជាច្រើនខែ ខណៈមហាអំណាចលោកខាងលិច និងសហភាពអឺរ៉ុបចាប់ដៃគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសដឹកនាំដោយលោក វ៉្លាឌីមៀរ ពូទីន។
យ៉ាងណា ទោះកំពុងទទួលរងឥទ្ធិពលគំនាបសេដ្ឋកិច្ចប៉ុណ្ណា ក៏វាហាក់មិនអាចធ្វើអ្វីដល់រុស្ស៊ីបានឡើយ ពោលបើតាមទិន្នន័យផ្ដល់ឲ្យដោយ Bloomberg បានបង្ហាញថា ប្រទេសស្វីសបានចាប់ផ្ដើមការនាំចូលមាសពីរុស្ស៊ីជាលើកដំបូង ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនម៉្លេះ។
ប្រភពខាងលើបានបន្ថែមថា ការនាំចូលមាសតំបូងពីរុស្ស៊ីបានកើតឡើងនៅខែកុម្ភៈ ខណៈកាលពីខែឧសភាកន្លងទៅ មាសច្រើនជាង ៣ តោនបាននាំចូលមកកាន់ប្រទេសស្វីស។
ការជួញដូរដែលធ្វើឡើងដោយស្វីស ប្រៀបដូចជាការផ្ដល់ភ្លើងខៀវឲ្យក្រុមហ៊ុនចម្រាញ់មាសធំៗទាំង ៤ ប្រចាំប្រទេស ដ្បិតពួកគេបានបញ្ឈប់ការនាំចូលមាសរុស្ស៊ីពីសមាគមផ្សារមាសនៅទីក្រុងឡុង ក្រោយសមាគមន៍មួយនេះដកប្រទេសរុស្ស៊ីពីបញ្ជីពាណិជ្ជកម្មរបស់ខ្លួន។
គួសរំលឹកដែរថា កាលពីខែមុនស្វីសបានចុះបញ្ជីសម្រាប់ការនាំចូលមាសស្ទើរទាំងស្រុង ក្នុងគោលបំណងកែច្នៃ និងក្នុងសកម្មភាពផ្សេងៗ ប៉ុន្តែក្រុមហ៊ុនធំៗទាំង ៤ ប្រចាំប្រទេសបានប្រាប់ Bloomberg ថា ពួកគេមិនមានចំណែកក្នុងការទិញមាសទាំងនោះឡើយ។
សូមជម្រាបដែរថា បើទោះជាមហាអំណាចលោកខាងលិចព្យាយាមរឹតបន្តឹងសេដ្ឋកិច្ចរុស្ស៊ីខ្លាំងប៉ុណ្ណោះ ក៏រុស្ស៊ីនៅតែខ្លាំងដដែល ជាពិសេសគឺពូកែខាងបង្អួតធនធានដ៏សំបូរបែបរបស់ពួកគេ ក្នុងនាមជាអ្នកនាំចេញធំបំផុតលើលោក លើផ្នែកថាមពលឥន្ធនៈ ឧស្ម័ន និងលោហធាតុដូចជា មាសជាដើម៕