គិតចាប់តាំងពីដើមឆ្នាំ ២០២២ មកទល់ថ្ងៃទី ២៤ មិថុនា ២០២២ មហាសេដ្ឋី Mark Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិអស់ច្រើនជាង ៥០% នៃទ្រព្យសម្បត្តិសរុប ពោលបច្ចុប្បន្នមាន ៥៨,៦ ពាន់លានដុល្លារ ខណៈកាលពីដើមឆ្នាំមាន ១២៥,៥ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយ Bloomberg Billionaire Index។

ការថយចុះនៃទ្រព្យសម្បត្តិដ៏ច្រើនបែបនេះបានកើតមានឡើង បន្ទាប់ពីទ្រព្យសម្បត្តិមេធំ Facebook កើនដល់ ១៤២ ពាន់លានដុល្លារ ជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ប៉ុន្តែបានតែប៉ុន្មានខែក៏បន្តដាំក្បាលចុះឥតឈប់ឈរ រហូតបច្ចុប្បន្នបុរសវ័យ ៣៨ ឆ្នាំរបូតតំណែងពីមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូបមកនៅត្រឹមលេខរៀងទី ១៧ វិញ។

ក្រឡេកទៅមើលពីដើមចមនៃការខាតបង់ដ៏សំបើមនោះ គឺដោយសារចំណូលមួយផ្នែកធំរបស់ Mark គឺបានមកពីក្រុមហ៊ុន Meta Platforms ប៉ុន្តែតាំងពីបើកទំព័រឆ្នាំ ២០២២ មកទល់បច្ចុប្បន្នហាងឆេងទីផ្សារនៃក្រុមហ៊ុនបច្ចេកវិទ្យាហាក់ជាប់គាំង ហើយតម្លៃហ៊ុនក៏បន្តធ្លាក់ចុះ ធ្វើឲ្យក្រុមហ៊ុនរកស៊ីលើវិស័យមួយនេះខាតបង់ស្ទើរទាំងអស់។
តួយ៉ាងនៅត្រីមាសទី ១ នៃឆ្នាំ ២០២២ ដ្បិត Facebook រកចំណូលបានលើសការរំពឹងទុកមែន ប៉ុន្តែចំណុចសំខាន់ៗដូចជាទិន្នន័យចំនួនអ្នកប្រើប្រាស់ប្រចាំខែបានបាត់បង់ និងមិនអាចមានដំណោះស្រាយជាក់លាក់។

យ៉ាងណា បច្ចុប្បន្នក្រុមការងារ Facebook កំពុងមមាញឹកក្នុងការធ្វើកំណែអាប់ដែតថ្មី ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ស្របពេលតម្លៃភាគហ៊ុនរបស់ពួកគេក៏ហាក់ផ្ដល់សញ្ញាវិជ្ជមានខ្លះផងដែរ៕