រថយន្ត Ferrari 250 GTO ដែលធ្លាប់លក់ចេញក្នុងតម្លៃប្រមាណ ៧០ លានដុល្លារ លែងជារថយន្តថ្លៃបំផុតប្រចាំប្រវត្តិសាស្ត្រហើយ ដោយសារថ្មីៗនេះ រថយន្ត Mercedes-Benz 300 SLR Uhlenhaut Coupe ត្រូវបានដាក់ដេញថ្លៃ និងលក់ចេញក្នុងតម្លៃថ្លៃជាងនោះទ្វេដងឯណោះ។

យោងតាមការចុះផ្សាយពី Bleedingedgedigital បានឲ្យដឹងថា Mercedes-Benz 300 SLR Uhlenhaut Coupe គឺផលិតឡើងតែ ២ គ្រឿងគត់នៅឆ្នាំ ១៩៥៥ ដោយបានដាក់ឈ្មោះតាមអ្នកផលិត និងប្រធានវិស្វករ Rudolf Uhlenhaut។

រថយន្តដ៏ប្រណីតប្រភេទនេះមានតម្លៃថ្លៃ ដោយសារតែវាជាវត្ថុកម្រ មានល្បឿនលឿន និងគុណភាពនៃរថយន្ត ស្របពេលរថយន្តដែលដាក់ដេញថ្លៃនេះគឺជាកម្មសិទ្ធិរបស់បុគ្គលដែលចូលចិត្តប្រមូលរថយន្តទុក ខណៈមួយគ្រឿងទៀតគឺកំពុងដាក់តាំងនៅសារមន្ទីរ Mercedes Museum នៅទីក្រុង Stuttgart។

រថយន្តដ៏ប្រណីតមួយនេះបំពាក់មកជាមួយនូវម៉ាស៊ីន ៣ លីត្រ ស៊ីឡាំង ៨ វាអាចផលិតកម្លាំងដល់ ៣១០ Hp ឬអាចបើកបរដល់ល្បឿន ៣០០ គម/ម៉ោង និងមានចង្កឹះលេខដៃ ៥ វគ្គផងដែរ។ នេះបើតាមការចុះផ្សាយពី Supercar។

សូមជម្រាបដែរថា រថយន្តដ៏កម្រមួយនេះត្រូវបានដាក់ដេញថ្លៃកាលពីថ្ងៃទី ២២ ឧសភា ហើយត្រូវបានលក់ចេញក្នុងតម្លៃប្រមាណ ១៤៣ លានដុល្លារ ជាប់ជារថយន្តដេញថ្លៃមានតម្លៃថ្លៃបំផុតប្រចាំប្រវត្តិសាស្ត្រ ស៊ីដាច់រថយន្ត Ferrari 250 GTO ដែលធ្លាប់លក់ចេញក្នុងតម្លៃប្រហែល ៧០ លានដុល្លារកាលពីឆ្នាំ ២០១៨៕