បើសង្កេតមើលឲ្យដិតដល់មែនទែន ក្រុមមហាសេដ្ឋីមានបំផុតលើលោកភាគច្រើនគឺមានទម្លាប់មួយដូចគ្នា គឺចូលចិត្តអានសៀវភៅ។ តួយ៉ាងដូចជា Bill Gates, Elon Musk និង Warren Buffett ជាដើមសុទ្ធតែមានចំណង់ចំណូលចិត្តលើការអានដូចៗគ្នា។

ខាងក្រោមគឺជាដំបូន្មានរបស់ក្រុមមហាសេដ្ឋីដែលចូលចិត្តអាន និងតែងតែបង្ហើបជារឿយៗថា ការអានសៀវភៅគឺជាគន្លឹះមួយ ជួយឲ្យឆាប់សម្រេចគោលដៅ និងជួយឲ្យជីវិតឆាប់ទទួលបានភាពជោគជ័យ។ នេះបើតាមការចុះផ្សាយពី Timesofindia។
1/ Bill Gates

សហស្ថាបនិកក្រុមហ៊ុន Bill Gates បានអានសៀវភៅយ៉ាងតិចអស់ ៥០ ក្បាលក្នុងមួយឆ្នាំៗ ហើយជារឿយៗលោកតែងតែចែករំលែកចំណេះដឹង និងណែនាំសៀវភៅល្អៗតាមរយៈការបង្ហោះសារលើគណនីផ្លូវការរបស់លោក។
“វា (ការអានសៀវភៅ) គឺជាវិធីសាស្ត្រមួយដ៏ល្អដែលខ្ញុំបានរៀន និងមានទម្លាប់តាំងពីនៅក្មេងមកម៉្លេះ”។ នេះបើតាមអ្វីដែលលោកបានប្រាប់នៅក្នុងកិច្ចសម្ភាសន៍ជាមួយ New York Times។
2/ Elon Musk

នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានទម្លាយឲ្យដឹងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Bloomberg ថា លោកគឺជាក្មេងដែលវក់នឹងការអានសៀវភៅ។ សម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោកតែងតែនិយាយអំពីសៀវភៅដែលលើកទឹកចិត្ត និងជំរុញចិត្តលោក។

ក្នុងចំណោមសៀវភៅទាំងអស់នោះ គឺមានដូចជា The Lord of The Rings, Benjamin Franklin, They Hitchhiker’s Guide to the Galaxy ជាដើម។
3/ Warren Buffett

បើសិនអ្នកជាអ្នកស្រលាញ់ និងជាហ្វេនរបស់ Warren Buffett នោះអ្នកប្រាកដជាដឹងយ៉ាងច្បាស់ថា បុគ្គលម្នាក់នេះគឺពិតជាចូលចិត្តអានសៀវភៅខ្លាំងណាស់ រហូតដល់ចំណាយពេលប្រមាណ ៨០% នៃពេលទំនេររបស់លោក អានសៀវភៅជារៀងរាល់ថ្ងៃថែមទៀត។
សៀវភៅដែលបុរសរហស្សនាម បិតាវិនិយោគិនម្នាក់នេះតែងតែណែនាំឲ្យអានមានដូចជា The Intelligent Investor, Security Analysis, Investing Between the Lines ជាដើម។
4/ Mark Zuckerberg

ស្ថាបនិក Meta Platforms គឺជាបុគ្គលម្នាក់ដែលចូលចិត្តអានសៀវភៅ ហើយបើទោះជាលោកបានបោះបង់ការសិក្សាពាក់កណ្ដាលទីក្ដី ក៏កន្លងមកលោកបានដាក់កំហិតខ្លួនឯងដោយសន្យាថា នឹងអានសៀវភៅឲ្យចប់យ៉ាងតិច ២ ក្បាលជារៀងរាល់សប្ដាហ៍។
“ការអានរឹតតែច្រើន គឺបានជួយឲ្យខ្ញុំនឹកឃើញនូវប្រធានបទថ្មីៗកាន់តែច្រើនដូចគ្នា”។ នេះបើតាមសម្ដីរបស់មហាសេដ្ឋីអាមេរិកធ្លាប់បាននិយាយ។
5/ Richard Branson

បុរសដែលមានទ្រព្យសម្បត្តិប្រមាណ ៣,៩ ពាន់លានដុល្លារម្នាក់នេះ ក៏អានសៀវភៅអស់មិនតិចក្បាលផងដែរ ហើយសៀវភៅដែលលោកធ្លាប់បានណែនាំឲ្យអានមានដូចជា Just Kids និពន្ធដោយ Patti Smith, 1984 និពន្ធដោយ George Orwell និង Just Mercy និពន្ធដោយ Bryan Stevenson។
6/ Jeff Bezos

មហាសេដ្ឋីមានបំផុតលើលោកទី ៣ រូបនេះ គឺចាប់ផ្ដើមបង្កើត Amazon តំបូងដោយការលក់សៀវភៅអនឡាញប៉ុណ្ណោះ ហើយក្រោយមកផ្លេតហ្វមមួយនេះក៏ក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មធំបំផុតលើលោក។
Jeff Bezos គឺជាមនុស្សវក់នឹងការអាន ហើយសៀវភៅខ្លះៗដែលលោកបានណែនាំឲ្យអានមានដូចជា Built To Last, Rework, Creation ជាដើម។

“នៅវ័យ ១៩ ឆ្នាំ ខ្ញុំបានអានសៀវភៅមួយក្បាល The Intelligent Investor ហើយសព្វថ្ងៃនេះខ្ញុំកំពុងធ្វើការងារ តាមដំណាក់កាលដូចទៅនឹងអ្វីដែលបានសរសេរនៅក្នុងសៀវភៅដែលខ្ញុំបានអាននៅវ័យ ១៩ ឆ្នាំ”។ នេះគឺជាសាររបស់មហាសេដ្ឋី Warren Buffett ដែលមានទ្រព្យសម្បត្តិច្រើនជាង ៩០ ពាន់លានដុល្លារ៕