ស្វាយ ២ ផ្លែ ត្រូវបានជប៉ុន ដាក់ដេញថ្លៃលក់ ក្នុងតម្លៃរហូតដល់ជិត ៤ ពាន់ដុល្លារ

អន្តរជាតិ

ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលដែលផ្លែស្វាយពូជពិសេសម្យ៉ាង មកពីខេត្ត Miyazaki របស់ប្រទេសជប៉ុន ត្រូវបានដាក់លក់ដេញថ្លៃ បានរហូតដល់ទៅ ៥០០ ០០០ យ៉េន ឬប្រហែល ៣ ៩៩០ ដុល្លារ សម្រាប់ការដាក់ដេញថ្លៃដំបូង នៅក្នុងឆ្នាំ ២០២២ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមសារព័ត៌មាន Mainichi បានរាយការណ៍ថា ផ្លែស្វាយ ២ ផ្លែ ដែលមានពូជឈ្មោះថា “Taiyo no Tamago” ឬហៅម៉្យាងទៀតថា “ស៊ុតព្រះអាទិត្យ” ត្រូវបានគេយកមកដាក់ដេញថ្លៃ ហើយលក់បានតម្លៃខ្ពស់បំផុត នៅក្នុងទីផ្សារផ្លែឈើប្រណីតមួយ ដែល​ប្រារព្ធ​ឡើងជារៀងរាល់ឆ្នាំ នៅទីក្រុង Miyazaki ។

មិនតែប៉ុណ្ណោះ បើយោងតាមសហព័ន្ធសេដ្ឋកិច្ចសកិកម្ម Miyazaki បានឱ្យដឹងថា ផ្លែស្វាយ ដែលគេយកមកដាក់ដេញថ្លៃ ត្រូវតែបំពេញតាមតម្រូវការជាក់លាក់មួយ ពោលផ្លែស្វាយ ត្រូវតែមានទម្ងន់យ៉ាងតិច ៣៥០ ក្រាម ហើយផ្លែនីមួយៗ ត្រូវមានតែមានជាតិស្ករ ១៥% ឬច្រើនជាងនេះ ខណ:សំបកត្រូវតែមានពណ៌ក្រហមបែកស្វាយ ។

ដោយឡែក លោក Tomohiro Ishikawa អ្នកគ្រប់គ្រងផ្នែកលក់ និងចែកចាយ នៅសហករណ៍កសិកម្ម JA Miyazaki បាននិយាយថា ៖ ” បើទោះបីជាផលិតផលផ្លែស្វាយប្រភេទនេះ មានការលំបាកក្នុងការថែទាំខ្លាំង ដោយសារតែតម្លៃធនធានខ្ពស់ក៏ដោយ ប៉ុន្តែគុណភាពផ្លែស្វាយ ទទួលបានតម្លៃល្អឥតច្ចោះម្តងទៀត នៅឆ្នាំនេះ ” ។

គួរឱ្យដឹងផងដែរថា ពូជស្វាយប្រភេទ “Taiyo no Tamago” នេះ ចាប់ផ្តើមប្រមូលផលខ្លាំង នៅចុងខែមេសា ហើយឈានដល់ការប្រមូលផលក្នុងកម្រិតខ្ពស់បំផុត នៅចុងខែឧសភាដល់ខែមិថុនា ៕