មហាសេដ្ឋី Leonard Del Vecchio បានទទួលមរណភាពនៅអាយុ ៨៧ ឆ្នាំ ក្រោយបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ San Raffaele នៅទីក្រុង Milan ប្រទេសអ៊ីតាលីកាលពីប៉ុន្មានសប្ដាហ៍មកនេះ។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយអង្គភាពសារព័ត៌មាន AGI របស់អ៊ីតាលី។

ដោយឡែក យោងតាមឯកសារដែលចុះផ្សាយដោយ Forbes ក៏បានអះអាងទៀតថា ម្ចាស់ក្រុមហ៊ុន Ray-Ban ខាងលើ គឺជាមហាសេដ្ឋីមានបំផុតទី ២ ប្រចាំអ៊ីតាលី ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ២៧,៣ ពាន់លានដុល្លារ។
ក្រឡេកទៅមើលប្រវត្តិតស៊ូរបស់មហាសេដ្ឋីខាងលើវិញ គឺពិតជាគួរឲ្យកោតសរសើរមែនទែន ពោលបានកើតនៅថ្ងៃទី ២២ ឧសភា ១៩៣៥ ក្នុងត្រកូលក្រីក្រ ហើយកើតបានតែ ៥ខែ ឪពុកបានចែកឋានចោល ហើយលោកបានធំធាត់នៅមណ្ឌលកុមារកំព្រា។

បុរសម្នាក់នេះចាប់ផ្ដើមចេញរកការងារធ្វើតាំងពីអាយុ ១៤ ឆ្នាំ និងមានក្ដីស្រមៃចង់ក្លាយជាសិប្បករជំនាញម្នាក់ គ្រាន់នឹងចិញ្ចឹមក្រពះប៉ុណ្ណោះ ប៉ុន្តែលោកមិនមែនត្រឹមតែក្លាយជាសិប្បករម្នាក់ឡើយ ថែមទាំងជាអ្នកជំនួញដ៏មានអំណាចថែមទៀត។ នេះបើតាមការចុះផ្សាយពី MoneyControl។
មុននឹងក្លាយជាអ្នកជំនួញដ៏មានឥទ្ធិពល Leonardo ធ្លាប់ធ្វើការងារទទួលបានកម្រៃទាបបំផុត ពោលប្រមាណ ១៥ អឺរ៉ូសេនប៉ុណ្ណោះ សម្រាប់រយៈពេលជាង ១០ ថ្ងៃ។ មិនតែប៉ុណ្ណោះលោកធ្លាប់មានឧបទ្ទវហេតុនៅកន្លែងធ្វើការ ដោយមានកំហុសបច្ចេកទេសបណ្ដាលឲ្យបាត់បង់ម្រាមចង្អុលដៃផងដែរ។
រហូតនៅឆ្នាំ ១៩៦១ លោក Leonardo បានផ្លាស់ទីទៅកាន់ទីក្រុង Agordo ដែលជាសំបុកនៃក្រុមហ៊ុនផលិតវ៉ែនតាអ៊ីតាលី ហើយបានបោះទីតាំងក្រុមហ៊ុន Luxottica ក្នុងនាមជាក្រុមហ៊ុនដៃគូអាជីវកម្មមានដែនកំណត់។

៦ឆ្នាំក្រោយការបើកក្រុមហ៊ុន លោកចាប់ផ្ដើមលក់វ៉ែនតាក្រោមម៉ាកយីហោ Luxottica និងនៅឆ្នាំ ១៩៧១ លោកចាប់ផ្ដើមចុះកុងត្រាជាមួយក្រុមហ៊ុនធំៗ។ នៅឆ្នាំ ១៩៧៤ លោកបានទិញយកក្រុមហ៊ុន Scarrone ដែលជាក្រុមហ៊ុនចែកចាយមួយ ហើយនៅឆ្នាំ ១៩៨១ បានបើកសាខាអន្តរជាតិនៅប្រទេសអាល្លឺម៉ង់ និងបានចុះកុងត្រាជាមួយ Giorgio Armani នៅឆ្នាំ ១៩៨៨។

រំលងបាន ១១ ឆ្នាំ ពោលនៅឆ្នាំ ១៩៩៩ Luxottica បានចុះកុងត្រាទិញយកក្រុមហ៊ុន Ray-Ban ដែលជាក្រុមហ៊ុនវ៉ែនតាស៊ីវិល័យបង្កើតនៅឆ្នាំ ១៩៣៦ ក្នុងតម្លៃដល់ទៅ ៦៤០ លានដុល្លារ ហើយមកទល់បច្ចុប្បន្ន Luxottica គឺជាក្រុមហ៊ុនធំបំផុតលើពិភពលោកនៃវិស័យឧស្សាហកម្មវ៉ែនតា។
សូមជម្រាបដែរថា ដំណឹងមរណភាពរបស់លោកបានប្រកាសជាផ្លូវការដោយក្រុមហ៊ុន EssilorLuxottica កាលពីពេលថ្មីៗនេះ៕