កាលពីប៉ុន្មានខែមុន អត្តពលិកបានវិវត្តខ្លួនជាមហាសេដ្ឋីបន្តកន្ទុយគ្នា ដូចជា LeBron James កីឡាករបាល់បោះទើបនឹងក្លាយជាមហាសេដ្ឋីមិនប៉ុន្មានផង កីឡាករវាយកូនហ្គោល Tiger Wood ក៏បានក្លាយជាមហាសេដ្ឋីម្នាក់ទៀតទៅហើយ។
បើអត្តពលិកកំពូលៗកំពុងវិវត្តជាមហាសេដ្ឋីបណ្ដាក់គ្នាបែបនេះ តើពេលណាទើបដល់វេនជើងខ្លាំងវិស័យកីឡាបាល់ទាត់ដូចជា Cristiano Ronaldo និង Lionel Messi? ទាក់ទងនឹងចម្ងល់មួយនេះ Bookies ក៏បានធ្វើការបកស្រាយផងដែរថា Ronaldo អាចនឹងមានភាគរយដល់ទៅ ៣៦% ខណៈ Messi មាន ១៥%។
ប្រភពខាងលើបានអះអាងថា តារាបាល់ទាត់ CR7 អាចរកចំណូលប្រមាណ ១០០ លានដុល្លារជារៀងរាល់ឆ្នាំពីកុងត្រាជាមួយក្លឹបបាល់ទាត់ ខណៈកុងត្រាជាមួយក្រុមហ៊ុន Nike អាចមានច្រើនជាង ១០ លានដុល្លារទៀត ស្របពេលទ្រព្យសម្បត្តិកាលពីឆ្នាំ ២០២០ របស់លោកមានប្រមាណ ៨០០ លានដុល្លារផង ដូច្នេះបើសិនជាអាចរក្សាចំណូលនៅកម្រិតនេះបាន យ៉ាងយូរ ២ឆ្នាំក្រោយ Ronaldo នឹងក្លាយជាមហាសេដ្ឋីជាមិនខាន។
ដោយឡែកសម្រាប់ Messi វិញ ថ្វីបើមានទ្រព្យសម្បត្តិតិចជាង Ronaldo មែន ប៉ុន្តែបុរសដែលជាម្ចាស់ពាន Ballon d’Or ៧ សម័យ នៅតែអាចរកចំណូលបានប្រមាណ ៧៥ លានដុល្លារពីកុងត្រាជាមួយក្លឹប ហើយកុងត្រាមួយជីវិតជាមួយ Adidas ដែលអាចផ្ដល់ឲ្យកីឡាករអាហ្សង់ទីន ២៥ លានដុល្លារជារៀងរាល់ឆ្នាំផង ដូច្នេះក្នុងមួយឆ្នាំៗ Messi អាចរកចំណូលបានយ៉ាងតិច ១០០ លានដុល្លារ។
យ៉ាងណា វីរបុរសនៃវិស័យបាល់ទាត់ទាំង ២ រូបខាងលើសុទ្ធតែមានវ័យរាងជ្រេបន្តិចហើយ ពោល Ronaldo មានអាយុ ៣៨ ឆ្នាំ ខណៈ Messi មានអាយុ ៣៥ ឆ្នាំ ប៉ុន្តែបើសិនជាកីឡាករទាំង ២ រូបខាងលើនៅតែមានសុខភាព និងសមត្ថភាពល្អ ថាមិនត្រូវពួកគេអាចលេងដល់វ័យជាង ៤០ ដូចនឹងវីរបុរសក្រុម Barcelona លោក Rivaldo ដែលចូលនិវត្តនៅអាយុ ៤៣ ឆ្នាំផងក៏ថាបាន៕