កាលពីថ្ងៃទី ២៧ មិថុនា ២០២២ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានស្នើសុំឲ្យ G7 ចេញមុខអន្តរាគមន៍ ដើម្បីបញ្ឈប់ការឈ្លានពានពីរុស្ស៊ីនៅចុងឆ្នាំនេះ ស្របពេលប្រធានសមាជិក G7 ទាំងអស់សុទ្ធតែយល់ព្រមក្នុងការគាំទ្រអ៊ុយក្រែន និងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់រុស្ស៊ីរហូតដល់ស្ថានការណ៍ប្រសើរឡើងវិញ។ នេះបើតាមការចុះផ្សាយពី CNA។
“ពួកយើងនឹងបន្តផ្ដល់ជូនអ៊ុយក្រែនសម្រាប់សម្ភារៈសព្វាវុធ ជំនួយសប្បុរសធម៌ និងផ្នែកហិរញ្ញវត្ថុ និងបន្តគាំទ្រអ៊ុយក្រែនទោះយូរប៉ុណ្ណាក៏ដោយ”។ នេះបើតាមអ្វីដែល G7 បានលើកឡើងនៅកិច្ចប្រជុំថ្ងៃទី ២។
តាមរយៈការប្រជុំតាម Video Call លោក Zelenskyy បានស្នើសុំឲ្យប្រធានទាំងអស់បន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ដើម្បីឲ្យសង្គ្រាមកាន់តែឆាប់បញ្ចប់ ដ្បិតស្ថានការណ៍ទ័ពទាំងសងខាងហាក់មានការថមថយ។
ដោយឡែក ទណ្ឌកម្មសេដ្ឋកិច្ចដែលថ្នាក់ដឹកនាំ G7 មានបំណងចង់ដាក់ទៅលើរុស្ស៊ីសារនេះ គឺរឹតបន្តឹងតម្លៃប្រេងនាំចូលរុស្ស៊ី និងគោលដៅបន្ទាប់ដាក់គំនាបលើវិស័យឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។
សូមជម្រាបដែរថា លោក Zelenskyy តែងតែអំពាវនាវសុំអន្តរាគមន៍ពីប្រទេសមហាអំណាចធំៗជាច្រើនដើម្បីទប់ទល់ជាមួយនឹងការវាយប្រហាររបស់រុស្ស៊ី ស្របពេលថ្មីៗនេះលឺល្ហៀងៗថា អាមេរិកកំពុងត្រៀមផ្ញើរមីស៊ីលប្រឆាំងនឹងយន្តហោះទំនើបទៅកាន់អ៊ុយក្រែនថែមទៀត។ នេះបើតាមប្រភពជិតស្និទ្ធមួយទម្លាយប្រាប់ AFP។
បញ្ជាក់ដែរថា កិច្ចប្រជុំ G7 ដែលមានសមាជិកដូចជា អាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង អ៊ីតាលី ជប៉ុន និងកាណាដាបានបញ្ចប់នៅថ្ងៃអង្គារ ហើយកិច្ចប្រជុំបន្ទាប់គឺនឹងចូលរួមដោយសមាជិក NATO នៅប្រទេសអេស្ប៉ាញ ដែលគេសន្និដ្ឋានថា អ៊ុយក្រែននឹងជាអ្នកគ្រប់គ្រងរបៀបវារៈម្ដងទៀត៕