កាហ្វេ Starbucks Vietnam បានបញ្ជាក់ថា នឹងបិទហាងរបស់ខ្លួន នៅក្នុងទីក្រុងហាណូយ ក្រោយពីប្រតិបត្តិការ អស់រយ:ពេល ៨ ឆ្នាំមកនេះ ខណ:នេះគឺជាហាងទី ៣ ហើយ ដែលក្រុមហ៊ុនកាហ្វេដ៏ល្បីល្បាញបំផុតមួយនេះ នឹងបន្តបិទ បន្ទាប់ពីបានបិទទីតាំងចំនួន ២ រួចមកហើយ កាលពីឆ្នាំមុន ។
យោងតាមសារព័ត៌មាន VN Express បានចុះផ្សាយថា ក្រុមហ៊ុន Starbucks បាននិយាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ថា ហាង Starbucks Lan Vien នៅក្នុងសង្កាត់ Hoan Kiem ទីក្រុងហាណូយ នឹងបើកដំណើរការរហូតដល់ថ្ងៃទី ៣០ ខែមិថុនា មុនពេលត្រូវបញ្ឈប់អាជីវកម្ម ។
គួរឱ្យដឹងថា កាលពីឆ្នាំមុន ហាងកាហ្វេ Starbucks មួយ នៅក្នុងសង្កាត់ Hoan Kiem និងមួយទៀត នៅសង្កាត់ទី ១ ក្នុងទីក្រុងហូជីមិញ ត្រូវបានប្រកាសបិទទ្វារ ។
មិនតែប៉ុណ្ណោះ លោកស្រី Patricia Marques នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks Vietnam បាននិយាយកាលពីដើមឆ្នាំនេះថា ក្រុមហ៊ុន កំពុងប្រឈមមុខនឹងបញ្ហា ក្នុងការពង្រីកចំនួនហាង នៅក្នុងប្រទេសវៀតណាម ដោយសារតែមានភាពលំបាកខ្លាំង ក្នុងការចរចាលើតម្លៃជួល ។
តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Patricia បានបន្ថែមទៀតថា ក្រុមហ៊ុននឹងបន្តធ្វើការពង្រីកហាងរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម ដោយផ្តោតទៅលើតំបន់ក្នុងទីក្រុងថ្មីៗ ដែលខ្វះខាតសេវាកម្មរបស់ខ្លួន ។
គួរបញ្ជាក់ថា បច្ចុប្បន្ន Starbucks មានហាងចំនួន ៧៨ នៅទូទាំងប្រទេសវៀតណាម ខណ:ហាងកាហ្វេ ដែលជាគូប្រជែងដ៏ធំបំផុតរបស់ខ្លួននៅក្នុងប្រទេសនេះ គឺ Highlands Coffee ដែលមានចំនួន ៥០០ ហាង និង The Coffee House ដែលមាន ១៥៦ ហាង ៕