ថ្មីៗនេះ BCPG ដែលជាក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសាជីវកម្មថាមពលថៃ Bangchak Corporation Plc កំពុងត្រៀមបញ្ជូនថាមពលអគ្គិសនី ដោយឆ្លងកាត់ព្រំដែន ពីប្រទេសឡាវ ទៅកាន់ប្រទេសវៀតណាម នៅក្នុងខែកញ្ញាខាងមុខ ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។
លោក Niwat Adirek ប្រធាន និងជាយកប្រតិបត្តិរបស់ក្រុមហ៊ុន BCPG បាននិយាយថា ៖ ” ការបញ្ជូនថាមពលអគ្គិនសីនេះ មិនត្រឹមតែបម្រើតម្រូវការអគ្គិសនីកម្រិតខ្ពស់ នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចពង្រឹងការអភិវឌ្ឍ ថាមពលកកើតឡើងវិញ របស់យើងក្នុងរយ:ពេលវែងបានថែមទៀតផង ” ។
គួរឱ្យដឹងថា ក្រុមហ៊ុនថាមពលរបស់ប្រទេសថៃមួយនេះ បានធ្វើការបណ្តាក់ទុន ចូលទៅក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ដើម្បីដំណើរការប្រព័ន្ធបញ្ជូនថាមពលចំនួន ២២០ គីឡូវ៉ុល ដើម្បីជួយសម្រួលដល់ការលក់អគ្គិសនី ទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីខ្លួនបានទិញយកភាគហ៊ុនចំនួន ៣២ លានដុល្លារ នៅក្នុងក្រុមហ៊ុន Nam Tai Power Sole Co ដែលមានមូលដ្ឋាននៅក្នុងប្រទេសឡាវ ។
ជាមួយគ្នានេះ ការកាន់កាប់ភាគហ៊ុន ២៥% នៅក្នុងក្រុមហ៊ុន Nam Tai Power Sole នឹងផ្តល់សិទ្ធិដល់ក្រុមហ៊ុន BCPG អាចដំណើរការខ្សែបញ្ជូន ចេញពីរោងចក្រវារីអគ្គិសនីណាំសាន ភាគខាងជើងប្រទេសឡាវ ដើម្បីនាំយកថាមពលអគ្គិសនី ឆ្លងកាត់ព្រំដែនទៅឱ្យក្រុមហ៊ុន Vietnam Electricity (EVN) ដែលគ្រប់គ្រងដោយរដ្ឋវៀតណាម ។
បន្ថែមពីនេះ លោក Niwat បាននិយាយទៀតថា តាមរយ:ប្រព័ន្ធបញ្ជូន និងស្ថានីយ៍រង របស់ក្រុម BCPG នឹងអាចផ្គត់ផ្គង់ថាមពលអគ្គិសនីបៃតង ពីគម្រោងវារីអគ្គិសនីណាំសាន ដោយបច្ចុប្បន្នការសាងសង់បានសម្រេចជាង ៩០% រួចមកហើយ ៕
មិនតែប៉ុណ្ណោះ នាយប្រតិបត្តិរូបនេះ បានសង្កត់ធ្ងន់ទៀតថា ការវិនិយោគនៅក្នុងក្រុមហ៊ុន Nam Tai Power Sole គឺជាឱកាសដ៏ល្អសម្រាប់ BCPG ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងការបញ្ជូនថាមពល និងស្ថានីយ៍បន្ទាប់បន្សំ ហើយខ្សែបញ្ជូននេះ ក៏ជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ការតភ្ជាប់ទាំងឡាវ និងវៀតណាមផងដែរ ៕