កាលពីពេលថ្មីៗនេះ លោក Huang Yimeng ដែលជាសហស្ថាបនិកក្រុមហ៊ុនផលិតហ្គេមដ៏ធំបំផុតមួយប្រចាំប្រទេសចិនមានឈ្មោះ XD បានទម្លាយឲ្យដឹងថា ឆ្នាំក្រោយ លោកនិងក្រុមគ្រួសារនឹងចាកចេញទៅរស់នៅប្រទេស ដោយសារច្បាប់រឹតបន្តឹងកូវីដ ១៩ មានសភាពតឹងតែងខ្លាំងពេក។ នេះបើតាមការចុះផ្សាយពី Yahoo។

ទន្ទឹមនឹងនោះ SCMP ក៏បានរាយការណ៍ដែរថា ការសម្រេចចិត្តរបស់មហាសេដ្ឋីមានប្រាក់ ១,២ ពាន់លានដុល្លារកើតមានឡើង ក្រោយរដ្ឋាភិបាលសម្រេចបិទទីក្រុងសៀងហៃរយៈពេលប្រមាណ ២ ខែ ដោយសារមានការផ្ទុះកូវីដ ១៩ នៅទីនោះ។
យ៉ាងណា លោក Huang មិនបានបញ្ជាក់ថា ការសម្រេចចិត្តនឹងចាកចេញនេះ ដោយសារតែអាជ្ញាធរសៀងហៃឡើយ ប៉ុន្តែលោកអះអាងថា ការចាកចេញពីប្រទេសកំណើតនេះ ដោយសារលោកផ្ដល់តម្លៃឲ្យក្រុមគ្រួសារ និងការងាររបស់លោក។

បើទោះជាបង្ហាញឥតលាក់លៀមពីចំណាប់អារម្មណ៍ចង់ចាកចេញពីប្រទេសកំណើតមែនពិត ប៉ុន្តែមហាសេដ្ឋីចិនម្នាក់នេះ ប្ដេជ្ញាថានឹងមិនបោះបង់សញ្ជាតិចិនជាដាច់ខាត។
គួសរំលឹកដែរថា ការរឹតបន្តឹងរបស់រដ្ឋាភិបាលចិនសម្រាប់វិធានការទប់ស្កាត់កូវីដ ១៩ សារនេះពិតជាតឹងតែងមែនទែន ដ្បិតតំបន់ដែលបិទខ្ទប់នឹងមិនអនុញ្ញាតឲ្យចាកចេញសូម្បីពីផ្ទះ តួយ៉ាងដូចជាទីក្រុងសៀងហៃ ប្រជាពលរដ្ឋតម្រូវឲ្យកុម្ម៉ង់ម្ហូបអាហារតាមអនឡាញ ហើយពេលខ្លះមានភាពយឺតយ៉ាវថែមទៀត។

កត្តាមួយនេះហើយ ទើបក្រុមគ្រួសារដែលមានជីវភាពធូរធារសមល្មម នាំគ្នារត់ទៅរស់នៅបរទេសជាច្រើនគ្រួសារ ដោយសារមិនចង់រស់នៅក្រោមសំពាធនៃវិធានការទប់ស្កាត់កូវីដ ១៩ ខ្លាំងពេក៕