មហាអំណាចរុស្ស៊ីបានបើកការឈ្លានពានទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ កុម្ភៈ ២០២២ ហើយអំពើមួយនេះបានធ្វើឲ្យពិភពលោកមិនគាំទ្រឡើយ ស្របពេលមហាអំណាចលោកខាងលិច និងអឺរ៉ុបកំពុងនាំគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅកាន់រុស្ស៊ី។
យ៉ាងណា ស្របពេលពិភពលោកទាំងមូលកំពុងបែរខ្នងដាក់រុស្ស៊ី ប៉ុន្តែអតីតមេធំ Formula One Group មហាសេដ្ឋី Bernie Ecclestone បែរជាចេញមុខការពារទង្វើរបស់ប្រធានាធិបតីពូទីនទៅវិញ ហើយថែមទាំងអះអាងថា លោកហ៊ានទាំងរងគ្រាប់កាំភ្លើងជំនួសថ្នាក់ដឹកនាំរុស្ស៊ីទៀតផង។
ប្រាប់ទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ ITV’S Good Morning Britain កាលពីថ្ងៃព្រហស្បតិ៍ មហាសេដ្ឋីរូបនេះនិយាយ៖ “ខ្ញុំជឿថា គាត់ (ពូទីន) គឺកំពុងធ្វើរឿងត្រឹមត្រូវសម្រាប់រុស្ស៊ី។ ចំណែកមនុស្សម្នាក់ទៀតនៅអ៊ុយក្រែន (Volodymyr Zelenskyy) ដែលធ្លាប់ជាតារាកំប្លែង ខ្ញុំយល់ឃើញថាគេហាក់នៅចង់បន្តអាជីពចាស់ដដែល”។
“ខ្ញុំយល់ថា បើសិនជាគាត់ចេះគិតគូរតែបន្តិច គាត់នឹងបើកការចរចាតទល់ជាមួយពូទីន ដែលជាមនុស្សយល់ការខុសត្រូវជាមិនខាន ហើយថាមិនត្រូវប្រហែលជាអាចដោះស្រាយបានបញ្ហាមួយចំនួនជាមិនខាន”។
ទន្ទឹមនឹងនោះ Formula One បានចេញមុខការពារខ្លួន និងបញ្ជាក់ច្បាស់ៗថា ការយល់ឃើញរបស់ Bernie Ecclestone គឺមិនពាក់ព័ន្ធជាមួយក្រុមហ៊ុនឡើយ។
សូមជម្រាបដែរថា បុរសវ័យ ៩១ ឆ្នាំខាងលើមានទ្រព្យសម្បត្តិប្រមាណ ៣ ពាន់លានដុល្លារ ហើយលោកគឺជាស្ថាបនិកក្រុមហ៊ុន Formula One Group ផ្ទាល់តែម្ដង ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៥០៕