កាលពីថ្ងៃសៅរ៍កន្លងទៅ ប្រធានាធិបតីអាមេរិកចូ បៃឌិន បានធ្វើការបង្ហោះសារនៅលើ Twitter ដោយចង់ទាមទារឲ្យក្រុមហ៊ុនប្រេងទាំងអស់ទម្លាក់តម្លៃប្រេង ដ្បិតវាបានបន្តឡើងថ្លៃឥតឈប់ឈរ ដោយសាររុស្ស៊ីឈ្លានពានអ៊ុយក្រែន។

យ៉ាងណា សាររបស់ប្រធានាធិបតីខាងលើបានធ្វើឲ្យមហាសេដ្ឋី Jeff Bezos ហាក់មានការទើសទាល់ជាខ្លាំង រហូតឆ្លើយតបជាសាធារណៈលើបណ្ដាញសង្គម Twitter ដូចគ្នា ដោយបានលើកឡើងថា បញ្ហាអតិផរណាទើបជាបញ្ហាចំបងដែលរដ្ឋាភិបាលគួរចាត់វិធានការ ជាជាងបង្ហោះសារបែបនេះ។

មហាសេដ្ឋីមានបំផុតទី ៣ លើលោកម្នាក់នេះក៏បាននិយាយលើ Twitter ទៀតថា ការបង្ហោះសារបែបនេះគឺកើតឡើងដោយសារតែមានការភ័ន្តច្រឡំ ឬអាចមិនយល់ស៊ីជំរៅពីមូលដ្ឋានគ្រឹះនៃទីផ្សារដែលមានសក្ដានុពល។ នេះបើតាមការចុះផ្សាយពី Fortune។
ជុំវិញបញ្ហាមួយនេះលោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់នៅសេតវិមានបានឆ្លើយតបទៅកាន់លោក Jeff Bezos វិញតាមរយៈសារព័ត៌មាន Fox News Sunday ថា ការបង្ហោះសារខាងលើនោះ គឺជាការភ័ន្តច្រឡំ។ នេះបើតាមការចុះផ្សាយពី Bloomberg។

សូមជម្រាបដែរថា កន្លងមកចូ បៃឌិនក៏ធ្លាប់កោះប្រជុំសភាស្ដីពីការលើកលែងពន្ធសម្រាប់ការនាំចូលប្រេងផងដែរ ប៉ុន្តែសំណើមួយនោះត្រូវបានបដិសេធ ស្របពេលប្រជាជនអាមេរិកកាន់លទ្ធិប្រជាធិបតេយ្យ ៤៣% នៃប្រជាជនអាមេរិកសរុប ៧០% មិនយល់ស្របចំពោះការគ្រប់គ្រងសេដ្ឋកិច្ចរបស់ថ្នាក់ដឹកនាំអាមេរិកឡើយ។ នេះបើតាមការឲ្យដឹងពីការស្ទង់មតិពី មជ្ឈមណ្ឌលសារព័ត៌មាន Associated Press-NORC សម្រាប់ការស្រាវជ្រាវកិច្ចការសាធារណៈ៕