រដ្ឋាភិបាលរបស់ទីក្រុងហូជីមិញ ប្រទេសវៀតណាម បានប្រមូលពន្ធ និងពិន័យជាទឹកប្រាក់សរុបប្រមាណ ១៦៩ ពាន់លានដុង ឬ ៧,២៦ លានដុល្លារ ពីបុគ្គលចំនួន ៣៨ នាក់ ដែលរកប្រាក់ចំណូលតាមរយ: Google នៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២២ នេះ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Vietnam Plus ។
បើយោងតាមអនុប្រធាននាយកដ្ឋានពន្ធដាក្រុង លោក Thai Minh Giao បានឱ្យដឹងថា បុគ្គលដែលត្រូវបានផាកពិន័យទាំងនោះ គឺបានបរាជ័យ ក្នុងការដាក់លិខិតប្រកាសពន្ធឱ្យបានទាន់ពេលវេលា ។
មិនតែប៉ុណ្ណោះ លោក Giao បាននិយាយទៀតថា ម្នាក់ក្នុងចំណោមពួកគេ តម្រូវឱ្យបង់ពន្ធ និងធ្វើការពិន័យជាប្រាក់ចំនួន ៣១ ពាន់លានដុង ស្របពេលក្រុមហ៊ុនចំនួន ៣ ក៏ត្រូវបានពិន័យ និងបញ្ជាឱ្យបង់ពន្ធ នៅក្នុងចំនួនទឹកប្រាក់ ៣២៧ លានដុងផងដែរ ។
លើសពីនេះ អជ្ញាធរពន្ធដាររបស់ប្រទេសវៀតណាម ក៏បានរកឃើញផងដែរថា អង្គភាព និងបុគ្គលវៀតណាមជាច្រើនទៀត ដែលបានផ្តល់សេវាអនឡាញ ដល់អង្គភាពបរទេស មិនបានបង់ពន្ធនោះឡើយ ។
លោក Giao បានសង្កត់ធ្ងន់ទៀតថា ការិយាល័យរបស់គាត់ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីពង្រឹងការផ្សព្វផ្សាយ និងណែនាំដល់អង្គភាព និងបុគ្គលដែលពាក់ព័ន្ធ ក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ឱ្យស្ម័គ្រចិត្តបំពេញកាតព្វកិច្ចបង់ពន្ធ និងធ្វើការទូទាត់ជូនរដ្ឋ ឱ្យស្របតាមបទប្បញ្ញត្តិ ៕