នៅពេលដែលទីផ្សារលំនៅឋានរបស់ប្រទេសចិន ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងវិបត្តិបំណុល បានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន បានបង្កើតនូវយុទ្ធសាស្រ្តដ៏ចម្លែកមួយ ដើម្បីទាក់ទាញឱ្យអតិថិជនមកទិញផ្ទះរបស់ខ្លួន ជាមួយនឹងការទូទាត់ជាផលិតផលកសិកម្មផ្សេងៗ ។
យោងតាមការចុះផ្សាយពី Global Times បានបង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន បានចាប់ផ្តើមទទួលយកការទូទាត់ សម្រាប់ការទិញផ្ទះ ជាផ្លែឪឡឹក និងផលិតផលកសិកម្មផ្សេងៗទៀត ។
មិនតែប៉ុណ្ណោះ ប្រភពដដែលនេះ បាននិយាយថា ៖ ” ក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យ នៅក្នុងទីក្រុងលំដាប់ទី ៣ និងទី ៤ របស់ប្រទេសចិន បានចាប់ផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយជាច្រើន ក្នុងពេលថ្មីៗនេះ រួមទាំងការលើកទឹកចិត្តឱ្យអតិថិជន ធ្វើការបង់រំលស់ លើការទិញផ្ទះ ជាមួយនឹងការទូទាត់ជាស្រូវសាលី ខ្ទឹមស និងផ្លែប៉េសផងដែរ ក្នុងគោលបំណងដើម្បីទាក់ទាញកសិករឱ្យមកទិញផ្ទះ ដែលទើបនឹងសាងសាង់ថ្មី ដើម្បីកាត់បន្ថយភាពលើសតម្រូវការ ” ។
មិនតែប៉ុណ្ណោះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យម្នាក់ នៅទីក្រុងណានជីង បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួន នឹងអនុញ្ញាតឱ្យអ្នកទិញផ្ទះ បង់ប្រាក់រំលស់ ដោយប្រើប្រាស់ផ្លែឪឡឹក ក្នុងអត្រា ២០ យ៉ន់ ក្នុងមួយគីឡូក្រាម ជាមួយនឹងចំនួនអតិបរមាប្រមាណ ៥ ០០០ គីឡូក្រាម ឬមានតម្លៃប្រហែល ១០០ ០០០ យ៉ន់ ខណ:អ្នកអភិវឌ្ឍន៍ម្នាក់ទៀត មកពីទីក្រុង Wuxi បាននិយាយថា នឹងចាប់ផ្តើមទទួលយកផ្លែប៉េស ជាការទូទាត់ផងដែរ ។
ក្រៅពីនេះ អ្នកអភិវឌ្ឍន៍អចលទ្រព្យមួយចំនួន ដែលនៅតំបន់ Qi ដែលជាតំបន់ផលិតខ្ទឹមស ដ៏ធំបំផុតរបស់ប្រទេសចិន បាននិយាយថា ពួកគេកំពុងតែទាក់ទងជាមួយប្រជាកសិករ ជុំវិញការផ្តល់ជូននូវឱកាសទិញផ្ទះ ដែលមានតម្លៃសមរម្យបំផុតមួយ ដោយពួកគេថែមទាំងអាចប្រើប្រាស់ខ្ទឹមស ដែលប្រមូលផលបាន ដើម្បីធ្វើការទូទាត់ផងដែរ ។
គួរឱ្យដឹងផងដែរថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន កំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏លំបាកបំផុតមួយ ដោយសារបំណុលគ្រួសារនៅក្នុងប្រទេសនេះ បានកើនឡើងដល់ ១០ ទ្រីលានដុល្លារ ហើយប្រហែល ២៧% នៃបំណុលទាំងនោះ គឺជាប្រាក់កម្ចីពីធនាគារ ដែលទាក់ទងជាមួយនឹងអចលនទ្រព្យ ។ នេះបើយោងតាមរបាយការណ៍ពី Think Tank, Policy Research Group ៕