កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Mukesh Ambani បានសម្រេចចិត្តលាលែងពីតំណែងប្រធានក្រុមហ៊ុន Reliance Jio Infocomm ដែលជាក្រុមហ៊ុនមួយនៃបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Reliance Industries។ នេះបើតាមការចុះផ្សាយពី Thenationalnews។

ដោយឡែកសម្រាប់អ្នកស្នងតំណែងរបស់ស្ដេចត្រាញ់ខាងលើវិញ គឺជាកូនប្រុសច្បង Akash Ambani ដែលបានប្រឡូកការងារនៅក្រុមហ៊ុនឪពុកអស់រយៈពេលជាច្រើនឆ្នាំ។

រំលឹកពីប្រវត្តិរបស់ប្រធានក្រុមហ៊ុនថ្មី Jio Infocomm បន្តិច ដោយបុរសវ័យ ៣០ ឆ្នាំជាកូនប្រុសច្បងរបស់លោក Mukesh Ambani និងអ្នកស្រី Nita Ambani និងមានប្អូនស្រីភ្លោះ Isha Ambani និងប្អូនប្រុសពៅ Anant Ambani។

Akash Ambani បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅសាលា Dhirubhai Ambani International School និងក្រោយមកបានបន្តការសិក្សានៅសកលវិទ្យាល័យ Brown University ដោយចាប់យកជំនាញសេដ្ឋកិច្ច។
លុះដល់ឆ្នាំ ២០១៩ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តជិតដិតពីកុមារភាព Shloka Mehta ខណៈឪពុកម្ដាយក្មេករបស់លោក គឺជាអ្នកជំនួញផ្នែកពេជ្រ និងត្បូងដ៏ធំមួយនៅក្នុងប្រទេស។ នៅចុងឆ្នាំ ២០២០ គូស្វាមីមួយគូនេះទទួលបានកូនប្រុសម្នាក់ជាចំណងដៃស្នេហា និងបានដាក់ឈ្មោះថា Prithvi។

ងាកទៅមើលពីប្រវត្តិការងាររបស់បុរសវ័យ ៣០ ឆ្នាំបន្តិច ក្រោយបញ្ចប់ការសិក្សា Akash Ambani បានធ្វើការនៅ Reliance Group ផ្នែកឌីជីថល ហើយក្រុមហ៊ុនបានអះអាងថា Akash បានរួមចំណែកយ៉ាងធំសម្រាប់ការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនលើវិស័យឌីជីថល។ នេះបើតាមការចុះផ្សាយពី Economictimes។
ដោយឡែក ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យបច្ចេកវិទ្យា និងឌីជីថលនៅឥណ្ឌាហាក់មានការរីកចម្រើនខ្លាំង ស្របពេលប្រាក់ចំណូលនៃក្រុមហ៊ុន Jio Platforms បានកើនឡើង ១៧% ឬប្រមាណ ១២,៦ ពាន់លានដុល្លារ និងមានប្រាក់ចំណេញប្រហែល ២ ពាន់លានដុល្លារ កាលពីឆ្នាំទៅ។

បន្ថែមពីនោះ Thenationalnews ក៏បានរាយការណ៍ដែរថា កាលពីដើមឆ្នាំនេះ Reliance Industries បានក្លាយជាក្រុមហ៊ុនឥណ្ឌាទី ១ ដែលមានប្រាក់ចំណូលសរុបប្រមាណ ១០០ ពាន់លានដុល្លារ ខណៈក្រុមហ៊ុនផ្នែកលក់ទំនិញរាយ និងឌីជីថលគឺបានចូលរួមយ៉ាងសកម្មក្នុងការសម្រេចលទ្ធផលដ៏វិសេសវិសាលមួយនេះ៕