អត្រាអតិផរណាបានកើនឡើងជិត ៨០% កាលពីខែមិថុនានៅប្រទេសតួកគី ហើយនេះគឺជាចំណុចប្រកាសអាសន្នខ្ពស់បំផុតរបស់ប្រទេសនៅមជ្ឈិមបូព៌ា ក្នុងរយៈពេលប្រមាណ ២ ទសវត្សចុងក្រោយ។ នេះបើតាមការចុះផ្សាយពី CNN។

ប្រភពដដែលបានបន្ថែមទៀតថា កាលពីខែមុនតម្លៃទំនិញបានឡើងថ្លៃដល់ទៅ ៧៨,៦% បើធៀបនឹងខែមិថុនា ២០២១ ស្របពេលតម្លៃអាហារហូបចុក និងការធ្វើដំណើរមានតម្លៃខ្ពស់។ តម្លៃម្ហូបអាហារធៀបនឹងឆ្នាំមុនឡើងស្ទើរទ្វេដង ប៉ុន្តែការចាយវាយលើការធ្វើដំណើរវិញគឺឡើងខ្ពស់ដល់ ១២៣% បើយោងតាមទិន្នន័យពី Turkish Statistical Institute។
ក្រៅពីការឡើងថ្លៃសម្ភារៈប្រើប្រាស់ ម្ហូបអាហារ តួកគីក៏កំពុងជួបវិបត្តិធំមួយទៀត នោះគឺរូបិយវត្ថុជាតិរបស់ខ្លួន បានបាត់បង់តម្លៃប្រហែល ២០% បើធៀបនឹងប្រាក់ដុល្លារ តាំងពីដើមឆ្នាំមកម៉្លេះ។

សូមជម្រាបដែរថា ស្ថានការណ៍សេដ្ឋកិច្ចរបស់ប្រទេសតួកគីបច្ចុប្បន្នគឺកំពុងប្រឈមនឹងបញ្ហាអតិផរណា ដូចនឹងប្រទេសទូទាំងសកលលោកផងដែរ ប៉ុន្តែគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតី Recep Tayyip Erdogan រឹតតែធ្វើឲ្យប្រទេសមួយនេះធ្លាក់ក្នុងរណ្ដៅកាន់តែជ្រៅ ពោលទំនិញនាំចូលក្នុងស្រុកកាន់តែមានតម្លៃថ្លៃ។

តួយ៉ាង កាលពីខែកញ្ញាកន្លងទៅ ប្រធានាធិបតីរូបនេះបានប្រាប់ឲ្យធនាគារកណ្ដាលរបស់តួកគី កាត់បន្ថយពន្ធនាំចូល ជាជាងតំឡើងថ្លៃពន្ធ ខណៈតម្លៃទំនិញនាពេលនោះមានការកើនឡើងខ្លាំង។

រឹតតែចចេស លោក Erdogan នៅតែការពារគោលនយោបាយសេដ្ឋកិច្ចរបស់លោក ដោយប្រកាន់ជំហរថា ការទម្លាក់តម្លៃពន្ធនាំចូលទំនិញ នឹងកាន់បន្ថយអត្រាអតិផរណា និងជួយឲ្យសង្វាក់ផ្គត់ផ្គង់ទំនិញមានការកើនឡើង។
ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចដែលតួកគីកំពុងជួបពេលនេះ ថ្នាក់ដឹកនាំខាងលើបានអះអាងថា កើតមានឡើង ដោយសារការលូកដៃពីបរទេស៕