លោកឪ Pope Francis គឺជាបុគ្គលមានឥទ្ធិពលបំផុតមួយរូបលើពិភពលោក ហើយសារព័ត៌មាន Forbes បានចុះផ្សាយកាលពីឆ្នាំ ២០១៨ ថា សម្ដេចគឺជា បុគ្គលមានឥទ្ធិពលបំផុតលើលោកទី ៦ ក្នុងចំណោមបុគ្គល ១០ រូប និងមានអ្នកគាំទ្រដល់ទៅ ១,៣ ពាន់លាននាក់ឯណោះ។
តើបុគ្គលដែលមានឥទ្ធិពលដ៏អស្ចារ្យមួយនេះ មានប្រវត្តិយ៉ាងណា? បើចង់ដឹង សូមតាមដានជាមួយឧកញ៉ាញ៉ូវស៍ដូចតទៅ៖
សម្ដេចប៉ាប ហ្វ្រង់ស៊ីស មានឈ្មោះដើម Jorge Mario Bergoglio កើតនៅថ្ងៃទី ១៧ ធ្នូ ១៩៣៦ នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន និងមានឪពុកម្ដាយជាជនភៀសខ្លួនពីប្រទេសអ៊ីតាលី។
ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ លោកមានបំណងចង់ក្លាយជាអ្នកជំនាញគីមី និងបានធ្វើការមួយរយៈខ្លី នៅវិស័យចំណីអាហារ ប៉ុន្តែនៅអាយុ ២១ ឆ្នាំ លោកមានជំងឺរលាកសួតធ្ងន់ធ្ងរ ដែលតម្រូវឲ្យលោកត្រូវកាត់សួតផ្នែកខាងស្ដាំចេញ។
នៅឆ្នាំ ១៩៥៨ លោកបានចូលរួមជាមួយក្រុម Jesuit (ក្រុមអ្នកស្រលាញ់ និងកាន់សាសនាយេស៊ូ) និងបានចូលរៀនផ្នែកមនុស្សសាស្ត្រនៅទីក្រុង Santiago ប្រទេសឈីលី និងទទួលបានសញ្ញាប័ណ្ណមានតម្លៃស្នើនឹងថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជានៅទីក្រុង Buenos Aires។
ក្រោយបញ្ចប់ការសិក្សា លោកក៏បានចូលបង្រៀនផ្នែកអក្សរសិល្ប៍ និងផ្នែកទស្សនវិជ្ជានៅវិទ្យាល័យមួយ រហូតដល់ឆ្នាំ ១៩៦៩ លោកក៏ត្រូវបានតែងតាំងជាអាចារ្យ និងបានចូលស្បថស្បែនៅឆ្នាំ ១៩៧៣ ដោយបានក្លាយជាប្រមុខនៃក្រុមគាំទ្រ Jesuit នៅអាហ្សង់ទីនពីឆ្នាំ ១៩៧៣ ដល់ ១៩៧៩។
លុះដល់អំឡុងទសវត្សឆ្នាំ ១៩៨០ លោក Bergoglio បានបម្រើការជាគ្រូបង្រៀនថ្នាក់សិក្ខាសាលា និងជាសកលវិទ្យាធិការ ក្នុងពេលកំពុងសិក្សាថ្នាក់ទ្រឹស្តីបទនៅអាល្លឺម៉ង់ និងនៅឆ្នាំ ១៩៩២ លោកត្រូវបានតែងតាំងជាជំនួយការអ្នកដឹកនាំសាសនា (Bishop) នៅ Buenos Aires។
កាន់តួនាទីជាជំនួយការបាន ៦ ឆ្នាំ លោកក៏ត្រូវបានតំឡើងតំណែងជាអ្នកដឹកនាំសាសនាជាន់ខ្ពស់ (Archbishop) នៅឆ្នាំ ១៩៩៨។ ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចនៅអាហ្សង់ទីនដែលបានចាប់ផ្ដើមនៅចុងទសវត្សឆ្នាំ ១៩៩០ Bergoglio បានទទួលកេរ្តិ៍ឈ្មោះល្បីរន្ទឺអំពីភាពដាក់ខ្លួនរបស់លោក ដោយរស់នៅបន្ទប់តូចសាមញ្ញ ជាជាងភូមិគ្រឹះរបស់អ្នកដឹកនាំជាន់ខ្ពស់ និងធ្វើដំណើរតាមឡានក្រុងសាធារណៈ ជាជាងជិះឡានទំនើបមានតៃកុងផ្ទាល់ខ្លួន។
ឆ្នាំ ២០១៣ នៅពេលដែលសម្ដេច Pope Benedict XVI បានលាលែងតំណែង ក្រោមហេតុផលវ័យចាស់ជរា និងមានបញ្ហាសុខភាព ហើយលោក Bergoglio បានជ្រើសរើសជាអ្នកស្នងតំណែង ដោយបានសម្រេចយកឈ្មោះ Francis ដើម្បីរំលឹកដល់ St. Francis of Assisi នៃប្រទេសអ៊ីតាលី ដែលមានភាពចែករំលែកទៅកាន់ប្រជាជនក្រីក្រ ក៏ដូចជាឈ្មោះរបស់ St. Francis Xavier ដែលជាសមាជិកស្ថាបនិកក្រុម Jesuits ផងដែរ។
សម្រេច ហ្វ្រង់ស៊ីស បានគ្រប់គ្រងវិហារកាតូលិក Roman Catholics ដែលជាវិហារសាសនាធំបំផុតមួយលើលោក និងមានប្រជាជនប្រមាណ ១/៦ នៃប្រជាជនពិភពលោក ដែលគោរពបូជានៅទីនោះ។
សម្រាប់ការបង្ហាញខ្លួនជាសាធារណៈតំបូង សម្ដេច ហ្វ្រង់ស៊ីស បានអំពាវនាវ និងអធិដ្ឋានសុំឲ្យមានការយកចិត្តទុកដាក់បន្ថែមលើប្រជាជនក្រីក្រ ហើយសម្ដេចក៏បានស្នើឲ្យមានការយកចិត្តទុកដាក់បន្ថែមលើជនរងគ្រោះដែលត្រូវបានរំលោភបំពានផ្លូវភេទ ជាពិសេសគឺស្ត្រី។
តួយ៉ាងនៅចុងឆ្នាំ ២០១៣ អំឡុងពេលធ្វើទស្សនកិច្ចនៅហូឡង់ សម្ដេចហ្វ្រង់ស៊ីស បានជួបជាមួយអ្នកដឹកនាំសាសនានៅទីនោះ និងបានសុំឲ្យពួកគេទាក់ទងទៅកាន់ជនរងគ្រោះពីករណីរំលោភបំពានផ្លូវភេទ ដើម្បីផ្គត់ផ្គង់ជំនួយ។
នៅឆ្នាំ ២០១៥ សម្ដេចហ្វ្រង់ស៊ីស បានធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក និងបានសុំឲ្យមហាសន្និបាតអង្គការសហប្រជាជាតិយកចិត្តទុកដាក់លើការការពារសន្តិសុខពិភពលោក។ នៅឆ្នាំ ២០១៦ លោក និង Kirill I អយ្យកោនៃទីក្រុងមូស្គូ និងរុស្ស៊ីទាំងមូល បានជួបសំណេះសំណាលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រវាងមេដឹកនាំ Roman Catholic និងវិហារ Orthodox របស់រុស្ស៊ី។
នៅឆ្នាំ ២០១៩ សម្ដេចហ្វ្រង់ស៊ីស បានក្លាយជាសម្ដេចនៃសាសនាកាតូលិកតំបូងដែលបានទស្សនកិច្ចទៅកាន់ Arabian Peninsula ជាកន្លែងកំណើតនៃសាសនាអ៊ីស្លាម ជាមួយគោលបំណងលើកកម្ពស់ភាតរភាពសាសនា និងសន្តិភាព។
សូមជម្រាបដែរថា គិតមកទល់នឹងពេលនេះ សម្ដេចហ្វ្រង់ស៊ីសបានកាន់តួនាទីជាអ្នកដឹកនាំសាសនាកាតូលិករយៈពេលជិត ១ ទសវត្ស ហើយថ្មីៗនេះលោកបានច្រានចោលចចាមអារ៉ាមស្ដីពីការចុះចេញពីតំណែងដ៏មានឥទ្ធិពលមួយនេះ៕