ថ្មីៗនេះ ក្រុមហ៊ុនអគ្គិសនី គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ី (PLN) បានប្រកាសលុបចោលគម្រោងក្នុងការអភិវឌ្ឍន៍រោងចក្រថាមពលដើរដោយធ្យូងថ្ម នៅចំពេលប្រទេសក្នុងតំបន់អាស៊ានមួយនេះ កំពុងព្យាយាមអនុវត្តតាមការសន្យារបស់ខ្លួន ក្នុងការកាត់បន្ថយទៅលើការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ទៅកាន់បរិយាកាស ។
អនុប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម PLN លោក Gregorius Adi Trianto បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក បានលុបចោលផែនការ ក្នុងការសាងសង់រោងចក្រថាមពល ដែលអាចផ្តល់កម្លាំង ១ ជីហ្គាវ៉ាត់ នៅក្នុងតំបន់ Indramayu ភាគខាងលិចកោះជ្វា ។
មិនតែប៉ុណ្ណោះ ការបញ្ចប់គម្រោងនេះផងដែរ បានកើតឡើង បន្ទាប់ពីប្រទេសជប៉ុន បានប្រកាសថាខ្លួន បានលុបចោលផែនការក្នុងការផ្តល់ប្រាក់កម្ចីចំនួន ១២,៥៥ លានដុល្លារ សម្រាប់ការភិវឌ្ឍន៍រោងចក្រនៅ Indramayu ចំពេលមានការរិះគន់ជាអន្តរជាតិ កាន់តែខ្លាំងឡើង អំពីរោងចក្រដើរដោយថាមពលធ្យូងថ្ម ដែលជាប្រភពធំមួយ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ។
គួរឱ្យដឹងថា បើយោងតាមក្រសួងថាមពល និងធនធានរ៉ែរបស់ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញថា ការវិនិយោគសរុបក្នុងវិស័យថាមពល បានឈានដល់ ៧០០ លានដុល្លារ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ នេះ ប៉ុន្តែបានធ្លាក់ចុះ ៦៣% បើធៀបនឹងគោលដៅចំនួន ១,៨៩ ពាន់លានដុល្លារ ដែលកំណត់ដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី ចំពេលប្រាក់ចំណូលរបស់ PLN បានធ្លាក់ចុះ៕